មិត្តភាព កម្ពុជា-ជប៉ុន ពោរពេញដោយការគោរពស្រឡាញ់ និងការពារគ្នាទៅវិញទៅមក

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងគណៈប្រតិភូសមាជិកព្រឹទ្ធសភា បានចូលរួមទទួលទានអាហារល្ងាច នាព្រលប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅស្ថានអគ្គរាជទូតជប៉ុន រាជធានីភ្នំពេញ ដែលរៀបចំដោយ ឯកឧត្តម UENO Atsushi អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ។

ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានរំលឹកអំពី ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដែលមានឡើងតាំងពីឆ្នាំ១៩៥៣ ហើយត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែរឹងមាំដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លើសពីនេះប្រជាជនកម្ពុជា មានមនោសញ្ចេតនាល្អ ចំពោះប្រជាជន និងប្រទេសជប៉ុន ដែលតែងតែជួយកម្ពុជាទាំងក្នុងវិស័យច្បាប់ អប់រំ សង្គម កសិកម្ម និងការដោះមីនជាដើម ពិសេសចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិត និង ឯកឧត្តមអគ្គរាជទូតជប៉ុន ក៏បានពិភាក្សាគ្នាអំពី ស្ថានភាពពិភពលោក ដែលមានភាពតានតឹងផ្នែកសន្តិសុខ នយោបាយ និងពាណិជ្ជកម្ម។ ដោយឡែកស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានមើលឃើញថា នៅតែផុយស្រួយ ទោះបីមានបទឈប់បាញ់។

ឯកឧត្តមបណ្ឌិត បានជម្រាបជូន ឯកឧត្តមអគ្គរាជទូតជប៉ុនថា កម្ពុជាត្រូវការសន្តិភាព និងបានព្យាយាមដោះស្រាយជម្លោះ តាមរយៈការចរចា ផ្អែកលើកច្បាប់ និងកិច្ចព្រមព្រៀង ប្រកបដោយភាពអត់ធ្មត់ និងដោយបើកចំហ ពោលគឺកម្ពុជា រីករាយឱ្យមានការចូលរួមពីបណ្តាប្រទេសអាស៊ាន អាម៉េរិក ចិន និងជប៉ុនជាដើម។

ឯកឧត្តមបណ្ឌិត និង ឯកឧត្តមអគ្គរាជទូតជប៉ុន សង្ឃឹមថា បញ្ហាតំបន់ព្រំដែនកម្ពុជា-ថៃ នឹងវិលត្រឡប់ទៅរកប្រក្រតីភាពវិញក្នុងពេលឆាប់ខាងមុខនេះ ជាពិសេសគឺការដោះលែងត្រឡប់មកវិញនូវទាហ៊ានកម្ពុជា ១៨ រូប ដែលកងទ័ពថៃចាប់ធ្វើជាចំណាប់ខ្មាំង ក្រោយបទឈប់បាញ់ចូលជាធរមាន។

ឯកឧត្តមបណ្ឌិត និងអគ្គរាជទូតជប៉ុន បានបញ្ជាក់គ្នាជាថ្មីម្តងទៀតថា មិត្តភាព កម្ពុជា-ជប៉ុន គឺពោរពេញដោយការគោរពស្រឡាញ់ និងការពារគ្នាទៅវិញទៅមក ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner