អាជ្ញាធរ កំពុងដោះស្រាយបន្ទាន់ បញ្ហាទឹកជន់លិចផ្លូវនៅតំបន់បឹងព្រលឹត
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌច្បារអំពៅ បាននិងកំពុងដោះស្រាយបញ្ហាទឹកលិចផ្លូវនៅតំបន់បឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង នៃទឹកលិចផ្លូវជុំវិញផ្ទះបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់បឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ហើយបានសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងចាត់វិធានការដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការដាក់ម៉ាសុីនបូមទឹក និងរថយន្តបូមទឹក រថយន្តបូមលូ និងកាយជាប្រឡាយ ដើម្បីរំដោះទឹកពីផ្លូវដែលលិចឱ្យបានលឿនបំផុត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
តាមរយៈវិធានការនេះ ក្នុងរយៈពេល២ថ្ងៃទឹកដែលលិចផ្លូវក្នុងតំបន់បឹងព្រលិត នឹងរីងអស់ បន្ទាប់មករដ្ឋបាលខណ្ឌនឹងលាងសម្អាតផ្លូវទាំងនោះ ឱ្យមានលក្ខណៈល្អប្រសើរវិញ។
លោកអភិបាលខណ្ឌ បញ្ជាក់បន្ថែមថា ៖ នេះពុំមែនជាជំនន់ទឹកភ្លៀង ឬទឹកដែលមានប្រភពហូរហៀរពីតំបន់ណាមកនោះទេ វាជាទឹកដែលច្រាលហូរចេញពីលូ និងផ្នែកខ្លះទឹកទន្លេបាសាក់ជ្រាបចូលតាមប្រព័ន្ធលូដែលបានបិទរួចហើយ ព្រោះទឹកទន្លេឆ្នាំឡើងកម្ពស់ខ្ពស់ជាងឆ្នាំ២០២៤។
ក្នុងនាមអាជ្ញាធរខណ្ឌ លោក ចេង មុនីរ៉ា សុំការយោគយល់អាធ្យាស្រ័យចំពោះបញ្ហាទឹកលិចផ្លូវនៅតំបន់រស់នៅរបស់បងប្អូន ដែលបានបង្កការលំបាកដល់ការធ្វើដំណើរ និងការរស់នៅប្រចាំរបស់បងប្អូនប្រជាពលរដ្ឋ ប៉ុន្តែ ហើយសន្យានឹងដោះស្រាយឲ្យបានលឿនបំផុតក្នុងរយៈពេល២ថ្ងៃ។
គួរបញ្ជាក់ផងដែរថា លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តែងទទួលបាននូវការគោរព និងកោតសរសើរពីប្រជាពលរដ្ឋក្នុងខណ្ឌថា ជាមន្ត្រីដែលមិនឆ្មើងឆ្មៃ មិនវាយឬក ឬក្រអឺតក្រទម ជាមន្ត្រីទន់ភ្លន់ តែមុឺងម៉ាត់ក្នុងការអនុវត្តការងារ ហើយតែងតែដោះស្រាយនូវរាល់សំណូមពរ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋឱ្យតែលោកបានទទួលព័ត៌មាន ៕
ដោយ វណ្ណលុក












