គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យបង្កើនការបុងប្រយ័ត្ន

បន្ទាយមានជ័យ៖ វគ្គបណ្តុះបណ្ដាលស្ដីពីការងារគ្រប់គ្រោងគ្រោះមហន្តរាយដែលបណ្ដាលមកពីធម្មជាតិ​បានរៀបចំ​ឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០២៥នេះ។ វគ្គនេះបានកើតឡើងស្រប​ពេលដែលខេត្តមួយចំនួនរបស់កម្ពុជាបានប្រឈមនឹងជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ។

ប្រាប់ដល់សិក្ខាកាមចូលរួម លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះដើម្បីផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិទាំងអស់ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការពង្រឹងចំណេះដឹង សមត្ថភាព តួនាទីភារកិច្ច ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាព លើបញ្ហាប្រឈម និងហានិភ័យដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងបណ្តាលមកពីគ្រោះរាំងស្ងួត ។ការឡើងកំដៅ និងគ្រោះទឹកជំនន់ដែលធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ មានស្ត្រី កុមារ ជនដែលមានពិការ ភាព។

លោក មាស ហឹក សមាជិកគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ឃុំដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល​នេះបាននិយាយថា លោកនឹងធ្វើការផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋឱ្យ​ចេះប្រើប្រាស់នូវប្រព័ន្ធបញ្ជូនព័ត៌មានរហ័ស​ដល់អ្នកជំនាញពាក់ព័ន្ធ ដើម្បីឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

បន្ទាយមានជ័យជាខេត្តមួយដែលលមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសថៃនិងមានចម្ងាយប្រហែល ៣៦០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ជារឿយៗខេត្តនេះតែងប្រឈមនឹងជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីផ្នែកខាងលើ៕ ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner