អង់គ្លេសលក់មីស៊ីលក្នុងតម្លៃជាង ៤០០ លានដុល្លារឱ្យឥណ្ឌា

ញូវដែលី ៖ ចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានស៊ីញ៉េលើកុងត្រាមានតម្លៃ ៤៦៨លានដុល្លារ ដើម្បីផ្គត់ផ្គង់មីស៊ីលផលិតដោយក្រុមហ៊ុនសព្វាវុធអង់គ្លេសផ្ទាល់ទៅឱ្យកងទ័ពឥណ្ឌា ដែលនេះជាផ្នែកនៃការពង្រឹងភាពជាដៃគូរលើវិស័យការពារជាតិ និងសព្វាវុធឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ការប្រកាសនេះធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ជួបជាមួយមេដឹកនាំឥណ្ឌា លោក Narendra Modi នៅទីក្រុងបុមបៃ ជាទីដែលលោកទាំងពីរបានសាទរពីទំនាក់ទំនងពាណិជ្ជកម្មដ៏មានសក្តានុពលក្នុងរយៈពេលជាច្រើនខែកន្លងមកនេះរបស់ប្រទេសទាំងពីរ។

រដ្ឋាភិបាលអង់គ្លេសនិយាយថា កិច្ចសន្យាលក់មីស៊ីលផ្លោងពហុមុខងារដែលផលិតដោយក្រុមហ៊ុន Thales នៅប្រទេសអៀរឡង់ខាងជើងនេះ នឹងជួយបង្កើតការងារចំនួន ៧០០កន្លែងថែមទៀត នៅក្នុងរោងចក្រដែលបច្ចុប្បន្នក៏កំពុងផលិតសព្វាវុធផ្គត់ផ្គង់ដល់អ៊ុយក្រែនផងដែរ។

បើតាមការប្រកាសរបស់ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ដដែល ទីក្រុងឡុងដ៍ និងទីក្រុងញូវដែលីក៏បានឈានដល់កិច្ចព្រមព្រៀងផលិតម៉ាស៊ីនដើរដោយថាមពលអគ្គិសនីសម្រាប់នាវាកងទ័ពជើងទឹកផងដែរ បន្ទាប់ពីប្រទេសទាំងពីរបានស៊ីញ៉េលើកុងត្រាដំបូងមានតម្លៃប្រមាណ ៣៣២លានដុល្លារ។

គួរកត់សម្គាល់ លោកនាយករដ្ឋមន្រ្តី Starmer ក្នុងរយៈពេល ១២ខែចុងក្រោយនេះ បានផ្តោតសំខាន់លើវិស័យការពារជាតិរបស់ចក្រភពអង់គ្លេស តាមរយៈការព្យាយាមជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់ ដើម្បីបង្កើនការចំណាយស្របតាមគោលដៅរបស់អង្គការណាតូ។ តួយ៉ាង ចក្រភពអង់គ្លេសទើបចុះកុងត្រាមានតម្លៃ ១៣.៥ពាន់លានដុល្លារ ដើម្បីផលិតនាវាចម្បាំងដល់ន័រវេស៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner