រដ្ឋបាលខេត្តព្រះវិហារ ត្រៀមស្តារផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្រោយទឹកសម្រក
ព្រះវិហារ៖ ផ្ទៃដីកសិកម្មចំនួន៤៨២ហិកតា នៃដំណាំស្រូវនិងដំណាំដំឡូងមី និងកសិករចំនួន ៣១៦គ្រួសារ បានរងគ្រោះពីជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
ជាការគិតគូរ អាជ្ញាធរខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បានត្រៀមរួចជាស្រេចដើម្បីស្តារឡើងវិញរួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកចុះអស់។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារបានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនថា ស្ថានភាពទឹកភ្លៀងក្នុងខេត្តប់តាំងពីដើមរដូវវស្សារហូតដល់ថ្ងៃទី៧ ខែតុលា កន្លងទៅនេះ ខេត្តទាំងមូលបានទទួលបរិមាណទឹកភ្លៀងសរុប ១៥៤៤.៣មីលីម៉ែត្រ ដែលជាកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ។
ចំពោះស្ថានភាពទឹកនៅអាងទឹករក្សាវិញកម្ពស់ទឹកមានត្រឹម ១២.៣៥ម៉ែត្រ ដែលនៅទាបជាងកម្ពស់ប្រកាសអាសន្នក្នុងកម្ពស់ ១៤ម៉ែត្រ ហើយបានស្រកចុះ០.១៥ម៉ែត្រ បើធៀបនឹងស្ថានភាពកាលពីថ្ងៃទី៦ ខែតុលា ដែលជាសញ្ញាល្អមួយនៃការថមថយបន្ទាប់ពីមានការកើនឡើងជាប់ៗគ្នា ។
របាយការណ៍ដដែលបានគូសរំលេចថា ទឹកបានស្រកចុះបន្តិចមែនតែផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងកន្លងមកនៅតែជាកង្វល់ចម្បង។គិតត្រឹមថ្ងៃទី៧ ខែតុលាស្រុកចំនួនបួនក្នុងខេត្ត រួមមាន៖ ស្រុកជ័យសែន ស្រុករវៀង ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យដំណាំស្រូវលើផ្ទៃដីសរុប ៣៤៤ហិកតា ត្រូវបានទឹកជន់លិច និងបានប៉ះពាល់ដល់ប្រជាកសិករ ២២៥គ្រួសារ ,ដំណាំដំឡូងមីប៉ះពាល់លើផ្ទៃដី ១២៨ហិកតានិងបានប៉ះពាល់ដល់កសិករ ៩១គ្រួសារ។
មិនព្រងើយកន្តើយ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះវិហារនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពទឹក ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍បន្ទាន់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ត្រៀមស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ ត្រៀមផ្តល់ជំនួយ និងអន្តរាគមន៍ដល់ដំណាំកសិកម្ម ដែលរងការខូចខាត នៅពេលដែលទឹកជំនន់បានស្រកចុះអស់៕
ដោយ៖ឡុង សំបូរ






