រដ្ឋមន្រ្តីសុខាភិបាល៖ ការសិក្សា គឺដើម្បីប្រយោជន៍អ្នកជុំវិញយើង និងសង្គមជាតិទាំងមូល
ភ្នំពេញ៖ការកសាងប្រទេសជាតិ គឺចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ ។ការប្រើប្រាស់ចំណេះជំនាញដែលទទួលបានពីការសិក្សាដោយសញ្ញាបត្រមួយសន្លឹក ហើយទៅបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ គឺជាការរួមចំណែកកសាងប្រទេស ។នេះជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈកាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ។
ក្នុងប្រគល់បរិញ្ញាបត្រនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល បានកោតសរសើរ និស្សិតជ័យលាភីទាំងអស់ដែលចំណាយពេលមកសិក្សា ។គឺមិនត្រឹមតែជាការលះបង់របស់ខ្លួនឯងនោះទេ តែជាការលះបង់របស់ក្រុមគ្រួសារផងដែរ ទាំងពេលវេលា ទឹកចិត្ត និងថវិកា ដើម្បីជាអត្ថប្រយោជន៍អ្នកនៅជុំវិញខ្លួន និងសង្គមជាតិទាំងមូល។
ទាក់ទងនឹងការបង្រៀន ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា បានលើកទឹកចិត្តឱ្យខិតខំបង្ហាត់បង្រៀនដោយប្រើប្រាស់វិធីសាស្ត្រថ្មីៗប្រកបដោយភាពនវានុវត្តន៍ ដើម្បីសម្រេចបាននូវការអប់រំដែលមានគុណភាព និងសមត្ថភាពពិត។
សូមជម្រាបថា ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើកទី៥របស់សាលាសុខភាពសាធារណៈ ជូនដល់និស្សិតជ័យលាភីចំនួន៣៥រូបដែលបានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់៖ បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអេពីដេមីសាស្ត្រ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ និងបរិញ្ញាបត្រជាន់ខ្ពស់សុខភាព និងអភិវឌ្ឍន៍សហគមន៍៕





ដោយ៖ ហេង សម្បត្តិ -ថេត វិចិត្រ