ក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀតក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត
(ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។
ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ មកពីស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់ការទាក់ការវិនិយោគ បង្កើនជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា ស្របនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា និងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់លើការអប់រំ ផ្សព្វផ្សាយ តាមរយៈយុទ្ធនាការនានា រួមមានយុទ្ធនាការប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំ មិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការធ្វើសកម្មភាព «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ជាមួយនឹងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យមានចំណេះដឹងលើភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងលើមេឃ ដោយចាប់ផ្តើមពីការធ្វើឱ្យភាពស្អាតនៅក្នុងខ្លួនបុគ្គលម្នាក់ៗ បន្តមកភាពស្អាតនៅក្រៅខ្លួន ដែលត្រូវធ្វើសកម្មភាពសម្អាត ដើម្បីកម្ពុជាមានភាពស្អាតជានិច្ចនិរន្តរិ៍ បន្ទាប់មកទៀត គឺការបន្តធ្វើឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាតលើឆាកអន្តរជាតិ មានភាពស្អាត ភាពបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាបន្តមកទៀតនេះ ក្រសួងបរិស្ថានដាក់ចេញសកម្មភាពទប់ស្កាត់ការបំពុលបរិស្ថាន ដែលក្នុងនោះសម្រាប់ភាពស្អាតលើដី គឺជំរុញឱ្យមាន ការគ្រប់គ្រងសំរាម ញែកសំរាម និងសំណល់ប្លាស្ទិក ធ្វើការចែកធុងសំរាម ជូនទៅគ្រប់រដ្ឋបាលរាជធានីខេត្ត ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីលានទុកដាក់សំរាម និងការបំពាក់ឡដុតសំរាមបន្ថែមទៀត ដើម្បីបង្កើននូវភាពស្អាតរបស់កម្ពុជា ៕
ដោយ ៖ ម៉ាដេប៉ូ







