តំណាងគ្រឹះស្ថានសិក្សានិងសិស្សនិស្សិត គាំទ្ររាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានការវិនិយោគបារីអេឡិចត្រូនិកនៅកម្ពុជា ជាដាច់ខាត

(ភ្នំពេញ)៖ តំណាងគ្រឹះស្ថានសិក្សា និងសិស្សនិស្សិតបានលើកដៃគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ដែលមិនអនុញ្ញាតឱ្យមានការវិនិយោគបារីអេឡិចត្រូនិកនៅកម្ពុជា ជាដាច់ខាត ហើយសម្ដេចបវរធីបតី បានសង្កត់ធ្ងន់ថា ផលិតផលនេះបង្កឱ្យប៉ះពាល់សុខភាពរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរហើយសម្តេចបវរធិបតីបានណែនាំមន្រ្ដីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបការជក់បារីអេឡិចត្រូនិករបស់យុវជនទាំងនៅតាមសាលារៀន និងសាធារណៈឱ្យមានប្រសិទ្ធភាព ដើម្បីធានាសុខុមាលភាពជូនដល់ប្រជាពលរដ្ឋ។

ការគាំទ្រនេះ បានបង្ហាញឡើងក្នុងពិធីប្រកាសនិងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីនៃការប្រកួតបង្កើតស្នាដៃផលិតវីដេអូស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា ។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី មានប្រសាសន៍ថា ការប្រគួតប្រជែង ក្រៅតែពីការអនុវត្តន៍នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺនិងជួយដល់កូនៗជាសិស្សនិស្សិត បណ្តុះបំនិនជីវិត ដែលបានរៀនសូត្រតាមរយៈការចូលរួមប្រគួតប្រជែងនេះ ផលិតវីដេអូអប់រំស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ ហើយក៏ជាការចូលរួមផ្សព្វផ្សាយសារដើម្បីកុំឱ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ប្រើប្រាស់បារីអេឡិចត្រូនិង និងជាការចូលរួមអភិវឌ្ឍន៍បំណិនជីវិតនៅក្នុងសតវត្សរ៍ទី២១សំរាប់ខ្លួនឯងទៀតផង។ លោកជំទាវបន្ថែមថា ការប្រគួតនេះ មិនមែនត្រឹមតែជាការប្រគួតយករង្វាន់នោះទេ តែគឺជាមោទនភាពមួយ អ្វីដែលសំខាន់គឺយើងទាំងអស់គ្នាបានចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយបញ្ហាផលប៉ះពាល់ពីសង្គម ចូលរួមធ្វើអំពើល្អ ចូលរួមកសាងនូវមូលធនមនុស្សសំរាប់កម្ពុជា ។

ការប្រកួតផលិតវីដេអូអប់រំស្តីពីផលប៉ះពាល់នៃការប្រើឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ មានការចូលរួមគ្រឹះស្ថានសិក្សាចំនួន ៣៦ និងផលិតវីដេអូចំនួន ៩៨ ដែលបានបង្ហោះក្នុងបណ្ដាញព័ត៌មានសង្គម មានដូចជា FACEBOOK TIKTOK YOUTUBE INSTAGRAM និងមានអ្នកចូលមើលវីដេអូចំនួនរាប់លាននាក់ទៀតផង។

គួរបញ្ជាក់ថា ការប្រកួតស្នាដៃផលិតវីដេអូអបរំស្ដីពីផលប៉ះពាល់នៃការប្រើឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់
បានរកឃើញម្ចាស់ជ័យលាភីចំនួនបីមាន៖ លេខ១ មកពីសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបា លេខ២ មកពីសកលវិទ្យាល័យជាតិគ្រប់គ្រង លេខ៣ មកពីវិទ្យាល័យជាស៊ីមឈូកវ៉ា។

យោងតាមអង្គការសុខភាពពិភពលោក និងស្ថាប័នសុខភាពធំៗនៅលើពិភពលោកបានរកឃើញថា បារីអេឡិចត្រូនិក មានផ្ទុកជាតិនីកូទីន ដែលជាសារធាតុញៀន និងសារធាតុពុលផ្សេងទៀត ដែលបង្កឱ្យមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង ប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការសាកល្បងប្រើឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ ជាផ្លូវនាំឲ្យក្រុមមនុស្សវ័យជំទង់និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner