បុរសពោះម៉ាយក្រីក្រម្នាក់ចិញ្ចឹមកូននិងបងស្រីពិការបានទទួលផ្ទះមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាបាទក្រហមកម្ពុជាខេត្ត ,ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគណខេត្តកំពង់ចាមកាលពីថ្ងៃទី៩ តុលា ឆ្នាំ២០២៥ បានអញ្ជើញនិងនិមន្តប្រគល់ផ្ទះមនុស្សធម៌មួយខ្នងរួមជាមួយបន្ទប់ទឹកមួយខ្នង ពីរបន្ទប់ជូនលោក ផេន ស៊ាង ផេង អាយុ ៤៨ឆ្នាំ ជាបុរសពោះម៉ាយគ្មានទីពឹង រស់នៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ។
លោក ផេន ស៊ាងផេង មានមុខរបរដើរស៊ីឈ្នួលធ្វើសំណង់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។គាត់រស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោមតូចមួយដោយពុំមានបង្គន់អនាម័យនិងមានកូនប្រុសស្រីនាក់ក្នុងបន្ទុក និងទទួលរ៉ាប់រងចិញ្ចឹមថែទាំបងស្រីបង្កើតម្នាកដែលមានជំងឺប្រចាំកាយពិការមួយចំហៀងខ្លួន ។
មើលឃើញពីស្ថានដ៏លំបាកនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានសម្រេចភ្លាមៗ ផ្តល់ជូនបុរសអភ័ព្វរូបនេះបង្គន់អនាម័យមួយខ្នងមានពីបន្ទប់, កង់ ពីរគ្រឿងសម្រាប់កូនៗជិះទៅរៀន និងជួយផ្គត់ផ្គង់ស្បៀងហូបចុកប្រចាំខែរយ:ពេលមួយឆ្នាំ ។ក្រៅពីនេះ ក៏បានផ្តល់ផ្ទះមនុស្សធម៌មួយខ្នងទំហំ ៤គុណនឹង៦ម៉ែត្រ ជំនួសផ្ទះចាស់ដែលទ្រុឌទ្រោម។
លោក ផេន ស៊ាងផេង បានសម្តែងទឹកចិត្តរំភើបរីករាយឥតឧបមា និង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជួយដោះស្រាយការលំបាករស់នៅប្រចាំថ្ងៃរបស់គាត់ក៏ដូចជាជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ។
ជាកាដូសម្រាប់ផ្ទះថ្មីសាខាកាកបាទក្រហមខេត្តកំពង់ចាមបានផ្តល់ជូនលោក ផេន ស៊ាងផេង និងក្រុមគ្រួសារមាន អង្ករ មី គ្រឿងឧបភោគ បរិភោគ ឃីតពីរសម្រាប់ សម្ភារផ្ទះបាយ សម្ភារដំណេក និងថវិកាចំនួនពីរសែនរៀល ។
ដោយឡែកពលរដ្ឋដែលបានអញ្ជើញចូលរួមជាសាក្សី ចំនួន ១២នាក់ ក៏ទទួលបាន អង្ករ គ្រឿងឧបភោគ បរិភោគ ឃីតមួយសម្រាប់ និងថវិកាមួយចំនួន ៕
ដោយ៖លី ពៅ





