អ្នកនាំពាក្យក្រសួងព័ត៌មាន ក្រើនរម្លឹកដល់អ្នកសារព័ត៌មានទាំងអស់​មិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ច ឬជំនាញឡើយ

ភ្នំពេញ៖ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យ​ក្រសួងព័ត៌មានបានក្រើនរម្លឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់មិន​ត្រូវដើរតួនាទីជំនួសសមត្ថកិច្ច ឬអ្នកជំនាញណាមួយឡើយ ។សូមអ្នកសារព័ត៌មានកុំបំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ នៅពេលអនុវត្ត​ការងារក្នុងតួនាទីជាអ្នកសារព័ត៌មាន។

សារដាស់តឿននេះកើតឡើងបន្ទាប់ពីមានអ្នកសារព័ត៌មានមួយចំនួនតូចបានដើរហួសពីព្រំដែនដែលច្បាប់កំណត់ និងបានអនុវត្ត​សកម្មភាពដោយពុំបានគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ដែល​ទង្វើនោះបានបង្កផលវិបាកប៉ះពាល់​ដល់ការអនុវត្តការងាររបស់​ជំនាញ​សមត្ថកិច្ច ឬបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការរក្សា​សណ្តាប់ធ្នាប់​សង្គម​ជាដើម។

ក្នុងពិធីបិទវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្តព្រៃវែងក្នុងសប្ដាហ៍នេះ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា អ្នកសារព័ត៌មានមិនត្រូវអនុវត្តហួសពី​ដែន​ដែលច្បាប់បានកំណត់និង​ផ្ដល់ឱ្យក្នុងតួនាទីជាអ្នកសារព័ត៌មាន​នោះទេ ។អ្នកសារព័ត៌មានទាំងអស់ត្រូវយល់ឱ្យច្បាស់អំពីសិទ្ធិ​និងករណីយកិច្ច​របស់ខ្លួនជាអ្នកសារព័ត៌មាន ដើម្បីចៀសវាង​ការផ្សាយខុសពីការពិត ឬការផ្សាយដែលពុំបានផ្តល់​សំឡេងដល់​អ្នក​ពាក់ព័ន្ធក្នុងសាច់រឿង និងត្រូវចៀសវាងដាច់ខាតការផ្សាយព័ត៌មាន​ជាថ្នូរនឹងការបានផលប្រយោជន៍។

ឯកឧត្តមបញ្ជាក់ថា អ្នកសារព័ត៌មានមានករណីយកិច្ចក្នុងការអនុវត្ត​ការងារដោយប្រកាន់ខ្ជាប់​និយាមវិជ្ជាជីវៈឱ្យ​បានត្រឹមត្រូវ ច្បាស់លាស់ ដោយគោរពច្បាប់ លិខិតបទដ្ឋាន ហើយមិនត្រូវដើរតួនាទីជំនួស​សមត្ថកិច្ច​​ឡើយ។ បើការងារជំនាញទុកឱ្យជំនាញគេអ្នកដោះ​ស្រាយ​។យើងជាអ្នកសារព័ត៌មាន មានតួនាទីនាំយកព័ត៌មាន​ពិត​សម្រាប់​ផ្សព្វផ្សាយ និងមិនត្រូវដាក់អារម្មណ៍ផ្ទាល់ខ្លួនក្នុងសាច់រឿងឡើយ ដើម្បីទុកឱ្យប្រជាពលរដ្ឋលោកជាអ្នកពិចារណា និងវាយតម្លៃ​ដោយខ្លួនឯងលើរឿងនីមួយៗ ដោយផ្អែកលើព័ត៌មានដែល​ទទួល​បាន ។

ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់ទៀតថា តួអង្គទាំងអស់​ក្នុងប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ ក្នុងការចូលរួម​រក្សាការពារ​សន្តិសុខជាតិស្ថិរភាពនយោបាយ និងសុខដុមនីយកម្មសង្គមដោយ​ត្រូវប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន​ដើម្បី​បំពេញឱ្យគ្នាទៅវិញទៅមកក្នុង​ការអនុវត្តការងារ។ ជាមួយគ្នានេះ តួអង្គពាក់ព័ន្ធត្រូវចូលរួមសកម្ម​ក្នុងការលើក​កម្ពស់​ប្រព័ន្ធផ្សព្វផ្សាយជាអំណាចមួយដ៏សំខាន់​នៅ​ក្នុងសង្គម សំដៅបម្រើប្រយោជន៍សាធារណៈ ធានាសិទ្ធិទទួល​ព័ត៌មាន និងបង្កើតភាពធន់សម្រាប់សហគមន៍ទប់ទល់នឹង​ហានិភ័យនៃព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។

សូមជម្រាបជូនថា យោងតាមខ្លឹមសារនៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងជំពូកទី២ស្តីពីគោលការណ៍គ្រឹះជាមូលដ្ឋាន​នៃវិជ្ជាជីវៈ​សារព័ត៌មាន​និងការផ្សព្វផ្សាយព័ត៌មាន ការអនុវត្តសេរីភាពខាង​សារព័ត៌មាន មិនត្រូវប្រាសចាកពី​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ​កម្ពុជា ច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្ត​ជាធរមាន ពិសេសច្បាប់​ស្តីពីរបបសារព័ត៌មាន។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយស​អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់​សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។

សូមបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មានកម្ពុជា​បានចេញបណ្ណសម្គាល់អ្នកសារព័ត៌មានជូន​ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៨.៧២៣ បណ្ណ ហើយអង្គភាពសារព័ត៌មានដែល​បាន​ចុះបញ្ជីនៅ​ក្រសួងព័ត៌មាន មានចំនួន១.៦២០ អង្គភាព ៕
ដោយ៖ង៉ាន ទិត្យ
រូបភាព៖ក្រសួងព័ត៌មាន

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner