អគ្គនាយកដ្ឋានពន្ធដារ នឹងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្តល់នូវសេវាកម្មពន្ធ នៅឆ្នាំ២០២៦ខាងមុខ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នឹងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្តល់នូវសេវាកម្មពន្ធនៅឆ្នាំ២០២៦ខាងមុខ ដើម្បីធ្វើឱ្យមានទំនើបកម្មកាន់តែប្រសើរសម្រាប់ការប្រមូលពន្ធ គឺធ្វើយ៉ាងណារក្សាឱ្យបាននូវយុត្តិធម៌ និងតម្លាភាព។

ថ្លែងក្នុងវេទិកាពន្ធដារ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ម អាមេរិកប្រចាំកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា កម្ពុជា បានឈានដល់ការប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិកពន្ធដារហើយ ហើយក៏កំពុងសាកល្បង ការប្រើប្រាស់បច្ចេកវិទ្យា AI ដែលមានឈ្មោះថា ប្រព័ន្ធគ្រប់គ្រងសារពើពន្ធកម្ពុជា ឬ Cambodian Tax Administration System (CTAS) ដើម្បីជំនួយការងារមួយចំនួន ។

ឯកឧត្តម គង់ វិបុល បានបន្តថា ការបង្កើតបច្ចេកវិទ្យា AI ដើម្បីផ្តល់នូវសេវាកម្មពន្ធសាកល្បងសម្រាប់ចាប់ផ្តើមធ្វើការនៅឆ្នាំក្រោយ ។ ឯកឧត្ដម បញ្ជាក់ថា ការពង្រឹង នូវអភិបាលកិច្ចល្អ ក្រមសីលធម៌ និងច្បាប់វិន័យ គឺត្រូវអនុវត្ដឱ្យបានត្រឹមត្រូវ និងត្រូវសហការជាមួយគ្នា ក្នុងការទទួលបាននូវអត្ថប្រយោជន៍រួម ដើម្បីពង្រឹង ក៏ដូចជា បង្កើតឱ្យមានប្រាក់ចំណូលថែមទៀតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។

ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ បានបន្ថែមថា ជាក់ស្ដែងអគារ Tax Tower បានបង្ហាញនូវមូលដ្ឋានគ្រឹះដ៏ធំ ក្នុងការប្រមូលពន្ធ ប៉ុន្តែការប្រមូលនេះត្រូវតែយុត្តិធម៌ មានតម្លាភាព ស្របទៅតាមច្បាប់ ដែលបានកំណត់ផងដែរ ។

ក្នុងឱកាសនេះដែរ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានលើកឡើងថា កម្ពុជា បានបោះជំហានទៅមុខនៃវិស័យពន្ធដារ ដែលនឹងអាចទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ហើយកម្ពុជា ជាបេះដូងនៅក្នុងអាស៊ាន ដែលរាជរដ្ឋាភិបាល មានឆន្ទៈ ក្នុងការសហការយ៉ាងជិតស្និទ្ធ ។ ជាក់ស្តែងកម្មវិធីនៅថ្ងៃនេះ ជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យសហគមន៍ និងអ្នកវិនិយោគចូលរួម ហើយ AmCham បានគាំទ្រក្នុងការបង្កើតដៃគូពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ។

លោក Casey Barnett បានលើកឡើងថា តាមរយៈកិច្ចពិភាក្សាដែលបានធ្វើឡើងក្នុងវេទិកានេះ វិនិយោគិនអាមេរិក និងចិន បានចាប់អារម្មណ៍យ៉ាងខ្លាំង និងចោទសួរសំណួរទៅកាន់វាគ្មិនពីអនុលោមភាពច្បាប់ពន្ធដារ។

លោកថា នេះជាកត្តាសំខាន់សម្រាប់អ្នកវិនិយោគ ពីព្រោះការបង់ពន្ធ ជាចំណែកមួយ ហើយអ្នកវិនិយោគ ត្រូវដឹងច្បាស់លាស់ពីចំនួន និងមធ្យោបាយសម្រាប់បង់ពន្ធ និងគោរពច្បាប់ពន្ធ ។ ហើយថ្ងៃនេះ ជាថ្ងៃពិសេស ពីព្រោះអ្នកវិនិយោគពីអាមេរិក ពីប្រទេសចិន ទាំងពីរ គឺចាប់អារម្មណ៍ ពេលដែលមានការចុះអត្រាពន្ធគយពី ៤៩% មក ១៩% ។

លោកបានបន្ថែមទៀតថា បន្ទាប់ពីអាមេរិក ទម្លាក់អត្រាពន្ធគយពី ៤៩% មក ១៩% មានអ្នកវិនិយោគជាច្រើន កំពុងពិនិត្យមើលពីឱកាសវិនិយោគនៅកម្ពុជា ។ លោកថា អត្រា ១៩% នេះ បើទោះបីជាស្ថិតក្នុងកម្រិតខ្ពស់ ប៉ុន្តែនៅតែទាបជាប្រទេសជាច្រើន ជាពិសេស ប្រទេសចិន ដែលមានអត្រាពន្ធរហូតដល់ជាង ៥០% ។

ជាមួយគ្នានេះ លោកបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលល្អ សម្រាប់ការវិនិយោគរបស់ជនបរទេស ដោយសារជនបរទេស អាចវិនិយោគក្នុងនាមជាម្ចាស់ ១០០% គ្រប់អាជីវកម្ម និងឧស្សាហកម្មទាំងអស់បាន ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត
