ឥណ្ឌូនេស៊ីប្រកាសជួយកសាងហ្គាហ្សាឡើងវិញ ក្រោយមានបទឈប់បាញ់
ហ្សាកាតា ៖ ប្រទេសឥណ្ឌូនេស៊ីបានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងការជួយជ្រោមជ្រែងសាងសង់តំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីសង្គ្រាមដ៏បង្ហូរឈាមជាងពីរឆ្នាំឈានដល់បទឈប់បាញ់ ហើយថែមទាំងបានទទូចឱ្យបញ្ឈប់អំពើហិង្សាជាអចិន្ត្រៃយ៍ និងលំហូរជំនួយមនុស្សធម៌។
ក្រសួងការបរទេសឥណ្ឌូនេស៊ីបានបង្ហោះសារលើផេកផ្លូវការរបស់ខ្លួនកាលពីថ្ងៃសុក្រថា ឥណ្ឌូនេស៊ីស្វាគមន៍ដំណាក់កាលដំបូងនៃបទឈប់បាញ់នៅហ្គាហ្សា និងការបិទបញ្ចប់អរិភាពជាអចិន្ត្រៃយ៍។
ជាមួយគ្នានេះ ក្រសួងក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា ច្រកទ្វារជំនួយមនុស្សធម៌នឹងបើកចំហរកាន់តែទូលំទូលាយក្នុងពេលឆាប់ៗនេះ ហើយឥណ្ឌូនេស៊ីក៏បានត្រៀមខ្លួនរួចរាល់ដែរ ក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីគាំទ្រដល់ដំណើរការកសាងតំបន់ហ្គាហ្សាឡើងវិញ។
បន្ថែមលើនេះ ឥណ្ឌូនេស៊ីក៏ជំរុញសហគមន៍សកលលោកឱ្យចាប់យកឱកាសនេះ ដើម្បីបន្តដំណើរការសន្តិភាពនៅប៉ាឡេស្ទីនឡើងវិញ និងការបង្កើតរដ្ឋប៉ាឡេស្ទីនប្រកបដោយអធិបតេយ្យភាព និងឯករាជ្យ ស្របតាមដំណោះស្រាយពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា


