ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជា មិនព្រងើយកន្តើយចំពោះពលីកម្មដ៏ធំធេងរបស់អតីតយុទ្ធជន និងគ្រួសារ ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជានោះឡើយ

អត្ថបទដោយ៖
ហេង វណ្ណា

(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនព្រងើយកន្តើយចំពោះពលីកម្មដ៏ធំធេងរបស់អតីតយុទ្ធជន និងគ្រួសារ ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជានោះឡើយ ដោយបានគិតគូរជួយជ្រោមជ្រែងតាមគ្រប់វិធីសាស្ត្រ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបតាមសំណើ និងបំណងប្រាថ្នារបស់អតីតយុទ្ធជន និងគ្រួសារនៅខេត្តព្រះសីហនុ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យជីវភាពពួកគាត់កាន់តែប្រសើរឡើង ។

ថ្លែងក្នុងពេលជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអតីតយុទ្ធជន និងគ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍បញ្ជាក់បន្ថែមថា ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរួមនិងក្រុមការងារបានមកជួបដោយផ្ទាល់នាពេលនេះជាមួយអតីតយុទ្ធជន និងគ្រួសារនៅខេត្តព្រះសីហនុ ដើម្បីបានដឹងពីសុខទុក្ខបញ្ហាប្រឈម និងតម្រូវការនានា និងជួយសម្របសម្រួលដោះស្រាយជូន ក្នុងគោលដៅធ្វើយ៉ាងណាជួយឱ្យអតីតយុទ្ធជននិងគ្រួសារមានជីវភាពល្អប្រសើរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាគោលការណ៍អតីតយុទ្ធជន និងគ្រួសារដែលមានដីប៉ុន្តែគ្មានផ្ទះនោះ ក្រុមការងារនឹងពិនិត្យលទ្ធភាពជួយគិតគូររៀបចំផ្ទះសម្បែងជូនឱ្យបានសមរម្យ ។ រីឯអតីតយុទ្ធជន និងគ្រួសារ ដែលមិនមានដីនិងមិនមានផ្ទះផងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យមានការចូលរួមផ្ដល់ព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីក្រុមការងារនឹងជួយគិតគូររកវិធីសាស្រ្តដោះស្រាយជូន ធ្វើយ៉ាងណាឱ្យជីវភាពរបស់អតីតយុទ្ធជន និងគ្រួសារមានភាពល្អប្រសើរ មានប្រាក់ចំណូល និងរស់នៅប្រកបដោយភាពសុខដុមរមនា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាមិនព្រងើយកន្តើយចំពោះអតីតយុទ្ធជននិងគ្រួសារនោះឡើយ ដោយបានចាត់ឱ្យក្រុមការងារ ខិតខំប្រឹងប្រែងជួយជ្រោមជ្រែងដល់អតីតយុទ្ធជន និងគ្រួសារ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់ដែលបានធ្វើពលីកម្ម បូជាទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។

ជាមួយនេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បាននឹងកំពុងខិតខំប្រឹងប្រែងគិតគូរធ្វើយ៉ាងណាជួយដល់អតីតយុទ្ធជន និងគ្រួសារ តាមគ្រប់វិធីសាស្ត្រ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបតាមសំណើរសំណូមពរ និងបំណងប្រាថ្នារបស់អតីតយុទ្ធជន និងគ្រួសារក្នុងគោលដៅជំរុញ ឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានប្រគល់រថយន្តសង្គ្រោះមួយគ្រឿង ដល់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ក្នុងការងារជួយសង្គ្រោះតាមតម្រូវការ ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner