លោក Zelensky ជំរុញលោក Trump ជួយបង្កើតសន្តិភាពនៅអ៊ុយក្រែន ដូចហ្គាហ្សា
កៀវ ៖ មេដឹកនាំអ៊ុយក្រែនបានជំរុញឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើរតួជាអ្នកបង្កើតសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន ដូចអ្វីដែលលោកបានធ្វើនៅមជ្ឈិមបូព៌ា ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរសារបង្ហោះលើបណ្តាញសង្គម Facebook ថា បើសិនសង្គ្រាមណាមួយអាចត្រូវបានបញ្ឈប់នៅតំបន់មួយ នោះប្រាកដណាស់ថា ភ្លើងសង្គ្រាមផ្សេងទៀតក៏នឹងអាចត្រូវបានពន្លត់ផងដែរ ក្នុងនោះក៏រួមមានសង្គ្រាមរុស្ស៊ី។
ភ្លាមៗនៅមិនពុំទាន់មានការឆ្លើយតបណាមួយពីសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែចាប់តាំងពីខែកុម្ភៈមក ទំនាក់ទំនងរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ ហាក់មានភាពជិតស្និទ្ធិជាងមុន ពោលគឺបន្ទាប់ពីមេដឹកនាំទាំងពីរបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអំឡុងជំនួបនៅសេតវិមាន។
ក្រោយមកទៀត លោកប្រធានាធិបតី ត្រាំ បានហៅលោក ហ្សេលេនស្គី ជាមេដឹកនាំល្អ និងសន្យារក្សាការគាំទ្រជួយដល់អ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធតទល់នឹងការលុកលុយនៃកងទ័ពរុស្ស៊ីចាប់តាំងពីឆ្នាំ ២០២២៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

