រុស្ស៊ីចោទអាមេរិកប៉ន់ប៉ង់ធ្វើរដ្ឋប្រហារនៅវេណេស៊ុយអេឡា
មូស្គូ ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានចោទប្រកាន់ចំៗថា អាមេរិកកំពុងរៀបចំផែនការធ្វើរដ្ឋប្រហារនៅប្រទេសវេណេស៊ុយអេឡា ដោយយកលេសធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន។
ការចោទប្រកាន់បែបនេះរបស់លោក Nebenzia ធ្វើឡើងបន្ទាប់ពីអាមេរិកបានដាក់ពង្រាយកងទ័ពជើងទឹក និងនាវាចម្បាំងជាច្រើនទៅក្បែរឆ្នេរសមុទ្រវេណេស៊ុយអេឡា និងបានបើកការវាយប្រហារផ្លូវអាកាសលើទូកដែលចោទប្រកាន់លួចរត់ពន្ធគ្រឿងញៀន។
ហើយយ៉ាងហោចណាស់មានទូកចំនួន ៤គ្រឿងត្រូវបានបាញ់ពន្លិច បណ្តាលឱ្យមនុស្សច្រើនជាង ២១នាក់ត្រូវបានសម្លាប់។ ជុំវិញបញ្ហានេះ វេណេស៊ុយអេឡាបានថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើរំលោភបំពានអធិបតេយ្យភាពប្រទេសរបស់ខ្លួន និងបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខយូអិនកោះប្រជុំបន្ទាន់។
មិនត្រឹមតែប៉ុណ្ណោះ វេណេស៊ុយអេឡាថែមទាំងបានចោទប្រកាន់អាមេរិកថា មានផែនការផ្តួលរលំរបបដឹកនាំលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងបានបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់។
ជុំវិញបញ្ហានេះដែរ ប្រេសិតពិសេសរុស្ស៊ីប្រចាំយូអិន លោក Nebenzia បានប្រកាសថ្មីៗនេះថា រុស្ស៊ីថ្កោលទោសធ្ងន់ធ្ងរចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនរបស់អាមេរិក និងបានហៅសកម្មភាពនេះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

