សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ រៀបចំការប្រកួតកីឡាជិះសេះ រកជើងឯក ត្រៀមចូលរួមការប្រកួតលក្ខណៈអន្តរជាតិ នាពេលខាងមុខ

(ភ្នំពេញ)៖ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានសហការជាមួយ Genius Resort បានរៀបចំការប្រកួតកីឡាជិះសេះ លើ ២កម្មវិធីធំៗ គឺ FEI World Challenge និង FEI Derby ដោយមានកីឡាករជាតិប្រហែលជា ១០នាក់ បានចូលរួម ប្រកួតលើវិញាសា ៧០សង់ទីម៉ែត្រ, ៨០សង់ទីម៉ែត្រ, ៩០សង់ទីម៉ែត្រ, ១០០សង់ទីម៉ែត្រ, ១១០សង់ទីម៉ែត្រ , ១២០សង់ទីម៉ែត្រ និង ១៣០សង់ទីម៉ែត្រ ដើម្បីចម្រាញ់រកជើងឯក យកទៅប្រកួតលក្ខណៈអអន្តរជាតិ ផ្សេងទៀតដូចជា៖ ស៊ីហ្គេម និងកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតប្រជែង អន្តរជាតិនៅចុងខែតុលា និងដើមខែវិច្ឆិកាខាងមុខនេះ ។

អ្នកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការនៃសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និងជាកីឡា ការិនីជិះសេះ ១រូបផងដែរនោះ បានឱ្យដឹងថា សម្រាប់ការ ប្រកួតដែលបាន ធ្វើឡើង នាថ្ងៃទី១១ និង១២ ខែតុលា ឆ្នាំ៣០២៥ សហព័ន្ធកម្ពុជា បង្ហាត់ជិះសេះ បានមើល ឃើញថា កីឡាករយើង ពិតជាធ្វើបានល្អ បើធៀបទៅនឹងការប្រកួតមុនៗ ដោយពួក គាត់ ទទួលបានការបង្វឹកពីគ្រូមកពីក្រៅប្រទេស មានបទពិសោធន៍ខ្ពស់ និងទទួល បានការគាំទ្រពី Genius Resort លើទីលានហ្វឹកហាត់ ចំណីសេះ និងសេះល្អៗ ផងដែរ ។

អគ្គលេខាធិការរូបនេះ បានបន្តថា សម្រាប់ការប្រកួត នៅថ្ងៃទី១១ និងទី១២ ខែ តុលា ឆ្នាំ២០២៥ សហព័ន្ធ បានដាក់វិញ្ញាសាថ្មី គឺ FEI Derby ដែលការប្រកួតនេះ មានទាំងផ្លោះរបា ក៏ដូចជាការលោតផ្លោះដែលរៀបចំ ដូចនៅក្នុងព្រៃ ខុសពីការ ប្រកួតទូទៅ ។ សម្រាប់វិញ្ញាសាថ្មីនេះ កីឡាករយើង ពិតជាធ្វើបានល្អច្រើន ព្រោះ កីឡាករយើង ធ្លាប់បានចេញទៅប្រកួតនៅក្រៅប្រទេសលើវិញ្ញាសានេះ ដូច្នេះ គឺកីឡាករយើងមានបទពិសោធន៍ច្រើន ហើយក៏សង្ឃឹមថា កីឡាកររបស់យើង នឹងអាចដណ្ដើមបានជ័យលាភី ក្នុងការប្រកួតដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាពេល​ខាងមុខ ក៏ដូចជាព្រឹត្តិការណ៍ស៊ីហ្គេម នៅចុងឆ្នាំនេះផងដែរ ។

អ្នកស្រី ស៊ាង ស្រីពៅ បានបញ្ជាក់ថា សម្រាប់កម្ពុជា មុននឹងឈានដល់​ការធ្វើជា​ម្ចាស់ផ្ទះ​ដំបូងខាងមុខនេះ គឺយើងមានកីឡាករ ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ប្រកួតប្រជែងជាមួយនឹងប្រទេសដទៃ , ទី២ គឺយើងមានកន្លែងដែល​សម​ស្របសម្រាប់កីឡាករ ធ្វើការប្រកួតប្រជែង ហើយកម្ពុជា ក៏មានគ្រូបង្វឹកច្បាស់​លាស់ ដែលចេញពីសហព័ន្ធអន្តរជាតិ ។

អគ្គលេខាធិការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ក៏បានអំពាវដល់បងប្អូនប្រជាពល​រដ្ឋកម្ពុជា ចូលរួមទស្សនា និងគាំទ្រឱ្យបានច្រើនក្នុង​ការប្រកួតជិះសេះ​អន្តរ​ជាតិលើកទី១ នៅប្រទេសកម្ពុជាយើង ។

លោកស្រី អគ្គលេខាធិការ បានចាត់ទុកថា កម្ពុជា មានទំនុកចិត្ត និង បង្ហាញទៅកាន់អន្តរជាតិថា កម្ពុជា មានមោទនភាព ដែលអាចធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាជិះសេះ នាពេលខាងមុខ ហើយការប្រកួតនេះ គឺមានប្រទេស និងតំបន់មកពីចំនួន ៨ ចូលរួមប្រកួតប្រជែងគ្នា ក្នុងនោះមាន កម្ពុជា សង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ចិន ថៃ និងហុងកុង ៕

អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner