លោក Putin ថា រុស្ស៊ីត្រៀមបញ្ចេញសព្វាវុធថ្មីឆាប់ៗនេះ
មូស្គូល ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា ប្រទេសរុស្ស៊ីនឹងធ្វើការប្រកាសអំពីវត្តមានសព្វាវុធថ្មីឱ្យពិភពលោកភ្លឺភ្នែកក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការសាកល្បងវាដោយជោគជ័យ។
លោកប្រធានាធិបតី ពូទីន បានបញ្ជាក់នាពេលថ្មីៗនេះក្នុងសន្និសិទកាសែតមួយនៅរដ្ឋធានីឌីស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន យ៉ាងដូច្នេះថា ខ្ញុំគិតថា យើងនឹងបញ្ចេញព័ត៌មានក្តៅមួយក្នុងពេលអនាគត ទាក់ទិននឹងសព្វាវុធថ្មីមួយ ដែលយើងចង់ប្រកាសវាជាយូរមកហើយ។
មេដឹកនាំរុស្ស៊ីវ័យ៧៣ឆ្នាំរូបនេះបន្តថា ប្រព័ន្ធសព្វាវុធដ៏អស្ចារ្យនេះបាននិងកំពុងស្ថិតក្រោមដំណើរការសាកល្បងដោយជោគជ័យ។ ក្នុងករណីអាមេរិកសម្រេចចិត្តផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដល់អ៊ុយក្រែន លោកប្រធានាធិបតី ពូទីន បានអះអាងថា រុស្ស៊ីនឹងចាត់វិធានការពង្រឹងការការពារដែនអាកាសរបស់ខ្លួន។
មីស៊ីល Tomahawk ត្រូវបានគេប៉ាន់ប្រមាណថា ក្នុងមួយគ្រាប់ៗអាចមានតម្លៃរហូតដល់ ១.៣លានដុល្លារ និងមានសតម្ថភាពបាញ់ក្នុងចម្ងាយប្រហែល ២,៥០០គីឡូម៉ែត្រ។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតី ពូទីន ក៏បានព្រមានដែរថា បើសិនមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ យល់ព្រមផ្តល់មីស៊ីល Tomahawk ឱ្យអ៊ុយក្រែន នោះវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិកជាក់ជាមិនខាន៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
