អង់គ្លេសប្រកាសជួយកសាងហ្គាហ្សាឡើងវិញ ក្រោយចប់សង្គ្រាម
ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួន ធ្វើជាផ្នែកមួយ នៃការកសាងតំបន់ហ្គាហ្សា ឡើងវិញ បន្ទាប់ពីបញ្ចប់សង្គ្រាម។
ការិយាល័យ Downing Street បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា លោក នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer នឹងបញ្ជាក់ពីការត្រៀមខ្លួន របស់ រាជរដ្ឋាភិបាល ដើម្បីដើរតួជា “អ្នកដឹកនាំ” ក្នុងការកសាងឡើងវិញ នូវតំបន់ Gaza នៅក្នុងកិច្ចប្រជុំកំពូលមួយ នៅក្នុងទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប នៅថ្ងៃចន្ទនេះ។
លោក Starmer គ្រោងនឹងប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ២០លានផោន ឬ ២៦.៧លានដុល្លារ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្ត ជំនួយដ៏ទូលំទូលាយ សម្រាប់តំបន់ហ្គាហ្សា ដើម្បីជួយជួសជុល សេវាទឹក អនាម័យ ដែលត្រូវបានបំផ្លាញ ដោយសារតែសង្រ្គាម ពីរឆ្នាំ មកនេះ។
លោកកំពុងធ្វើដំណើរ ទៅកាន់ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំកំពូលសន្តិភាព តំបន់ហ្គាហ្សា ដែលដឹកនាំដោយប្រធានាធិបតីអាមេរិក Donald Trump និង មេដឹកនាំអេហ្ស៊ីប លោក Abdel Fattah al-Sisi បន្ទាប់ពីបទឈប់បាញ់ ត្រូវបានព្រមព្រៀងគ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃសុក្រ។
បើតាម ការិយាល័យ Downing Street រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ក៏បានប្រកាសពីការសម្រេចចិត្ត របស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទ រយៈពេលបីថ្ងៃ ស្តីពីការស្តារ និង ការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា ដែលនឹងពិភាក្សាអំពីផែនការ សម្រាប់ហ្គាហ្សា ក្រោយសង្គ្រាម និងការផ្លាស់ប្តូរ របស់អាជ្ញាធរប៉ាឡេស្ទីន។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា «សន្និសីទនេះ នឹងមានការចូលរួម ពីដៃគូអន្តរជាតិ ជាច្រើន រួមមាន អាល្លឺម៉ង់ អ៊ីតាលី អារ៉ាប៊ី សាអូឌីត ហ្ស៊កដានី និងអាជ្ញាធរប៉ាឡេស្ទីន ព្រមទាំងវិស័យឯកជន និងហិរញ្ញវត្ថុ និងហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ»។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «Gaza ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ បទឈប់បាញ់ផ្តល់ឱ្យយើង នូវឱកាស មិនត្រឹមតែបង្កើនកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ជាបន្ទាន់ ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមើលទៅអនាគត នៃការស្តារឡើងវិញ របស់ Gaza…ចក្រភពអង់គ្លេស ក៏នឹងដើរតួ យ៉ាងសំខាន់ ក្នុងដំណើរការនោះផងដែរ ដោយនឹងកោះប្រជុំជាមួយ ភាគីផ្សេងៗគ្នា ដូចដែលយើងកំពុងធ្វើ នៅថ្ងៃនេះ ជាមួយអេហ្ស៊ីប និងនាំយកនូវ ជំនាញ បទពិសោធន៍ និង ការវិនិយោគ ពីទីក្រុងឡុងដ៍ ដើម្បីគាំទ្រដល់ការកសាងឡើងវិញ»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត