ឯកឧត្តម ថោង ខុន រំពឹងទុកថា កីឡាករ កីឡាការិនីវ័យក្មេងនឹងឈានទៅរកជ័យលាភីមេដាយជូនជាតិក្នុងកីឡាយុវជនអាស៊ីនៅបារ៉ែន
(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ជាប្រធានប្រតិភូដឹកនាំកីឡាករកីឡាការិនីវ័យក្មេងកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាច ក្របារ៉ែន បានបង្ហាញការជឿជាក់ខ្ពស់ថា កីឡាករ-កីឡាការិនីថ្នាលរបស់កម្ពុជា នឹងឈានទៅរកជ័យលាភីមេដាយជូនជាតិបានជាក់ជាពុំខាន ។ បន្ទាប់ពីពួកគេបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងហ្វឹកហាត់ពេញ ១ឆ្នាំកន្លងមក ដើម្បីត្រៀមការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ចាប់ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ។
ការបង្ហាញភាពជឿជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំ ផ្ដល់ការលើកទឹកចិត្តដល់ប្រតិភូកីឡាកម្ពុជា មុនចេញទៅប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ក្រោមការយកចិត្តទុកដាក់ និងការប្រមូលផ្តុំក្រុមជម្រើសជាតិថ្នាលហាត់ហ្វឹកហ្វឺនពេញមួយឆ្នាំ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។ រំពឹងទុកថា កីឡាករ កីឡាការិនីនឹងរីកចម្រើនផ្នែកគុណផលដែលអាចមានលទ្ធភាពដណ្តើមបានជ័យលាភីមកជូនជាតិជាក់ជាមិនខាន។ ក្នុងនាមប្រធានប្រតិភូ នាយបេសកកម្ម និងក្រុមការងារសម្របសម្រួល សូមប្តេជ្ញាខិតខំប្រឹងប្រែងប្រកបដោយស្មារតីបុរេសកម្ម ដើម្បីធានាសុខភាព សុវត្ថិភាព ភាពកក់ក្តៅ និងភាពជឿជាក់ជូនដល់កីឡាករ កីឡាការិនី ទាំងពេលធ្វើដំណើរចាកចេញ អំឡុងពេលប្រកួត និងពេលត្រឡប់មកវិញ។ បន្ថែមលើសនេះ ចំពោះកម្មវិធីទទួលទង់ធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការរៀបចំកម្មវិធីទទួលទង់កីឡាទៅតាមការសម្របសម្រួល របស់ម្ចាស់ផ្ទះបារ៉ែន ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន ប្រកបដោយមោទនភាពជាតិក្នុងការទាក់ទាញចំណាប់អារម្មណ៍ប្រតិភូកីឡា និងអត្តពលិកអាស៊ីទាំងអស់ ដើម្បីទទួលស្វាគមន៍ភ្ញៀវមកទស្សនាកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ នាឆ្នាំ២០២៩។
សូមបញ្ជាក់ថា ការប្រកួតកីឡាយុវជនអាស៊ី នាចុងខែតុលានេះ ម្ចាស់ផ្ទះបារ៉ែន បានកំណត់កីឡាចំនួន ២៣ប្រភេទ ហើយមានគណៈកម្មាធិការជាតិអូឡាំពិកក្នុងទ្វីបអាស៊ីចំនួន ៤៥ប្រទេសចូលរួម ដោយកម្ពុជាត្រៀមចូលរួមចំនួន ១៤ប្រភេទកីឡា លើ ៧១វិញ្ញាសា រួមមាន៖ អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ជឺជីតស៊ូ យូដូ គុនខ្មែរ យុទ្ធគុនចម្រុះ តេក្វាន់ដូ-WT វាយកូនឃ្លីលើតុ លើកទម្ងន់ បាល់ទាត់លើតុ បញ្ចស៊ីឡាត់ និងកីឡាចំបាប់ ដោយមានកីឡាករ-កីឡាការិនីចំនួន ៥២នាក់ គ្រូបង្វឹក ២១នាក់ មន្ត្រី និងថ្នាក់ដឹកនាំកីឡា ៤០នាក់ ព្រមទាំងក្រុមសិល្បៈ ៤៤នាក់ សរុបប្រតិភូកីឡាកម្ពុជាចំនួន ១៥៧នាក់៕







រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ