ព្រះធម្មវនរាសី ចន្ទ មុនី ផ្តល់ម៉ូតូ និងកុំព្យូទ័រដល់សិស្សនិទ្ទេសA នៅស្រុកទឹកផុស
កំពង់ឆ្នាំង ៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ,ព្រះធម្មវនវាសី ចន្ទ មុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តសុត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញនិងនិមន្តសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ និទ្ទេស អេ (A)ចំនួនបីនាក់នៅស្រុកទឹកផុស ។
ក្នុងឱកាសនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានចូលរួមអបអរសាទរដល់ក្មួយៗសិស្សានុសិស្ស ដែលបានប្រឡងជាប់និទ្ទេសA ហើយក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកគ្រូ អ្នកគ្រូ ក៏ដូចជាអាណាព្យាបាលសិស្ស ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ចំណេះដឹងដល់ការសិក្សារបស់ក្មួយៗ ជាពិសេស គោរពថ្លែងអំណរគុណចំពោះព្រះអង្គធម្មវនវាសី ចន្ទ មុនី ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ខ្ពស់សម្រាប់ការជួយឧបត្ថម្ភជាច្រើនដល់រដ្ឋបាលខេត្ត។ថ្ងៃនេះដែរ សិស្សនិទ្ទេស A ស្រុកទឹកផុសមានចំនួន ៣នាក់ ដែលបានទទួលការឧបត្ថម្ភពីព្រះអង្គនូវម៉ូតូចំនួន ៣គ្រឿង និងកុំព្យូទ័រចំនួន ៣គ្រឿង ។
ព្រះធម្មវនវាសី ចន្ទ មុនី មានសង្ឈដីកា លើកទឹកចិត្តសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រទាំងយប់ទាំងថ្ងៃ ប្រឡងបានជាប់ចំណាត់ថ្នាក់ និងនិទ្ទេសល្អនាពេលនេះ និងណែនាំបន្ថែមសូមប្អូនកុំភ្លេចខ្លួន ព្រោះនិទ្ទេសល្អនាពេលនេះមិនទាន់កំណត់ជោគវាសនាទៅថ្ងៃអនាគតបាននៅឡើយនោះទេ ត្រូវខិតខំបន្តទៀត។
គូសបញ្ជាក់ថា លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងខេត្តកំពង់ឆ្នាំង មានបេក្ខជនមកប្រឡងចំនួន ៤ ៦៦៣នាក់ (ស្រី ២ ៧៤៦នាក់) ។ បេក្ខជនប្រឡងជាប់មានចំនួន ៣ ៧៨០នាក់ (ស្រី ២ ៣៥៤នាក់) ស្មើនឹង ៨១,០៦ភាគរយ( ស្រី ៨៥,៧២%) ។ សិស្សប្រលងជាប់ និទ្ទេស A ចំនួន៤៥ នាក់ , និទ្ទេស B ចំនួន២៥១ នាក់ ,និទ្ទេស C ចំនួន៧៨៣ នាក់ , និទ្ទេស D ចំនួន១ ៤៦៨ នាក់ និង និទ្ទេស E ចំនួន១ ២៣៤ នាក់ ៕


ដោយ៖សុខ គឹមសៀន