ប៉ាគីស្ថានប្រុងជើងការខ្ពស់ ក្រោយផ្ទុះប្រដាប់អាវុធជាមួយអាហ្វហ្គានីស្ថាន

អ៊ីស្លាម៉ាបាដ ៖ កងទ័ពប៉ាគីស្ថានកំពុងប្រុងជើងការខ្ពស់នៅតាមខ្សែបន្ទាត់ព្រំដែនជាប់អាហ្វហ្គានីស្ថាន ក្រោយប្រទេសទាំងពីរផ្ទុះជម្លោះប្រដាប់អាវុធកាលពីចុងសប្តាហ៍មុន បណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់ រហូតទាក់ទាញចំណាប់អារម្មណ៍មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ដែលបាននិយាយថា រូបលោកអាចនឹងលូកដៃជួយពន្លត់ភ្លើងជម្លោះមួយនេះទៀត។

ក្រៅពីអាមេរិក, ប្រទេសចិនដែលមានព្រំដែនជាប់ទាំងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ក៏មានគោលបំណងដើរតួជាអ្នកសម្របសម្រួលក្នុងជម្លោះនេះផងដែរ ដោយទីក្រុងប៉េកាំងបានអំពាវនាវឱ្យភាគីជម្លោះទាំងពីរ រក្សាការអត់ធ្មត់ និងព្យាយាមបញ្ឈប់អរិភាព។

អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនថា ពួកគេបានសម្លាប់ទាហានរាប់សិបនាក់របស់ភាគីទាំងសងខាងទៅវិញទៅមក អំឡុងពេលយប់នៃការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏ធ្ងន់ធ្ងររវាងប្រទេសទាំងពីរ។

កងកម្លាំងតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារ លើកងទ័ពប៉ាគីស្ថាននៅតាមព្រំដែនរួមរបស់ពួកគេ កាលពីល្ងាចថ្ងៃសៅរ៍ ក្នុងអ្វីដែលគេហៅថា «ការសងសឹកចំពោះការវាយប្រហារតាមអាកាស ដែលធ្វើឡើងដោយកងទ័ពប៉ាគីស្ថានលើទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍»។

ប៉ាគីស្ថានមិនបានអះអាងទទួលខុសត្រូវដោយផ្ទាល់ ចំពោះការវាយប្រហារ នេះទេ ប៉ុន្តែបានបញ្ជាក់ម្តងហើយម្តងទៀត អំពីសិទ្ធិការពារខ្លួនប្រឆាំងនឹងការកើនឡើងនៃក្រុមសកម្មប្រយុទ្ធ ដែលខ្លួននិយាយថា មានប្រភពចេញពីទឹកដីអាហ្វហ្គានីស្ថាន។

ភាគីទាំងពីរបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតនៅក្នុងតំបន់ព្រំដែន ចាប់តាំងពីក្រុមតាលីបង់បានដណ្តើមកាន់កាប់អាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១ ប៉ុន្តែការរំលោភដែនអាកាសជ្រៅចូលទៅក្នុងទឹកដីអាហ្វហ្គានីស្ថាន បានបង្ហាញពីការកើនឡើងភាពតានតឹងគួរឱ្យកត់សម្គាល់៕

ប្រភព ៖ The straits times និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner