លោក Donald Trump ថា អាមេរិកចង់បង្កើតសន្តិភាពជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅពេលទៅដល់ទឹកដីអ៊ីស្រាអែលកាលពីថ្ងៃចន្ទថា លោកចង់បង្កើតកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិកចាប់ដៃអ៊ីស្រាអែលវាយលុកទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អំឡុងផ្ទុះសង្គ្រាមរយៈពេលខ្លីកាលពីដើមឆ្នាំ ២០២៥។
លោកប្រធានាធិបតី ត្រាំ បានប្រាប់សភាអ៊ីស្រាអែលថា តើអ្នកដឹងទេ… វានឹងក្លាយជាពេលវេលាមួយដ៏អស្ចារ្យ បើសិនយើងអាចធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ដែលជាខ្នងបង្អែកដ៏សំខាន់របស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់។
លោកប្រធានាធិបតី ត្រាំ បន្តថា តើអ៊ីរ៉ង់នឹងសាទរចំពោះរឿងនេះទេ? ប្រាកដណាស់ វាគឺជារឿងល្អ… ខ្ញុំគិតបែបនេះ ពីព្រោះខ្ញុំយល់ថា ខ្លួនខ្ញុំផ្ទាល់ក៏ចង់បានសន្តិភាពដូចគ្នាដែរ។
លោកបន្ថែមថា កូនឃ្លីគឺស្ថិតនៅក្នុងដៃអ៊ីរ៉ង់ជាអ្នកសម្រេចចិត្តថាតើចង់ឱ្យកិច្ចព្រមព្រៀងសន្តិភាពកើតឡើងដែរទេ… សម្រាប់ពួកយើងវិញ បានត្រៀមខ្លួនរួចជាស្រេចនៅពេលដែលអ្នកយល់ព្រម។
មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា មិនថាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ សុទ្ធតែមិនចង់បង្កអរិភាពជាមួយប្រជាជនអ៊ីរ៉ង់ណាមួយឡើយ… ពួកយើងគ្រាន់តែចង់រស់នៅដោយសន្តិភាពប៉ុណ្ណោះ។ យ៉ាងណាមិញ ភ្លាមៗអ៊ីរ៉ង់នៅពុំទាន់ធ្វើការឆ្លើយតប ចំពោះការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅឡើយទេ៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា