កូនត្រី-កូនបង្កងជាងប្រាំបួនម៉ឺនក្បាល ត្រូវបានលែងចូលទៅ​ក្នុង​អាងកំពីងពួយ

                                      
បាត់ដំបង៖កូនត្រីចម្រុះ និងកូនបង្កងចំនួនជាងប្រាំបួនម៉ឺនក្បាល ត្រូវបានលែងចូលទៅក្នុងអាងកំពីងពួយ ស្ថិតនៅ​ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ។រដ្ឋបាលខេត្តបានបញ្ជាក់ថា សកម្មភាព​នេះគឺដើម្បីអបអរសាទរនៃទិវាមច្ឆជាតិ ១ កក្កដា។

ក្នុងសេចក្តីរាយការណ៍សង្ខេបរបស់លោក ឈឹម វជិរា ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង​ បានឱ្យដឹងថា មច្ឆជាតិចម្រុះជាងប្រាំបួនម៉ឺនក្បាល ដែលលែងចូលក្នុងអាងទឹក​កំពីងពួយនាពេលនេះមាន​កូនបង្កង​ប្រាំម៉ឺនក្បាល ជាអំណោយ​របស់ឯកឧត្តម ណៅ ធួក អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត​កំពង់ចាម​,ត្រីប្រាបីពាន់​ក្បាល​,ត្រីឆ្ពិនពីរ​ម៉ឺនក្បាល, ត្រីព្រលូងមួយម៉ឺន​ក្បាល,​ត្រីក្រាញ់បួនពាន់ក្បាល , ត្រីអណ្តែងទន់ប្រាំពាន់ក្បាល ព្រមទាំង​កូនអន្ទង់ និងកូនអណ្តើកមួយចំនួន ។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង បានគូសរំលេចថា ការលែងកូនត្រី ក្នុងទិវាមច្ឆជាតិ​គឺធ្វើឡើង ក្នុងគោលបំណងដើម្បីជំរុញ និងបង្កើន នូវភោគផល​ធនធានមច្ឆជាតិឡើងវិញ។ឯកឧត្តមបានអំពាវនាវឱ្យមានការ​ចូលរួមថែរក្សា ការការពារ ការអភិរក្ស និងការទប់ស្កាត់បទ​ល្មើស​ជលផល ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានដាក់នូវបទបញ្ជាដល់គ្រប់​រដ្ឋបាល​ក្រុង ស្រុក នៅក្នុងមូលដ្ឋាន និង​មន្រ្តី​ជំនាញ កងកម្លាំង​សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែពង្រឹងក្នុងការចុះបង្រ្កាបនូវបទល្មើស​នេសាទនៅក្នុងដែនសមត្ថកិច្ច​​របស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារធនធាមច្ឆជាតិឱ្យបានគង់វង្សសម្រាប់ជា​ប្រយោជន៍ដល់​អ្នក​ជំនាន់ក្រោយ។

សូមជម្រាបថា ខេត្តបាត់ដំបងស្ថិតនៅភាគពាយ័ព្យនៃប្រទេស​កម្ពុជា​មានចម្ងាយ ២៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ សណ្ឋានដី​របស់ខេត្ត​ចែកចេញជា ៣ តំបន់គឺ តំបន់ខ្ពង់រាប តំបន់វាលរាប និងតំបន់ទំនាបជាប់បឹងទន្លេសាប៕
អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.

ads banner