លោក បៃឌិន សរសើរលោកត្រាំ ដែលប្រឹងបញ្ចប់សង្គ្រាមហ្គាហ្សា

វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានកោតសរសើរ លោក ដូណាល់ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងដោះស្រាយ បញ្ចប់សង្គ្រាម
នៅតំបន់ ហ្គាហ្សា។

ផ្អែកតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The Hill នៅក្នុងការបង្ហោះដ៏វែងមួយ តាមរយៈវេទិកាសង្គម X កាលពីថ្ងៃទី១៣ ខែតុលា លោក បៃឌិន បានសរសើរកិច្ចខិតខំប្រឹងប្រែងសន្តិភាព នាពេលថ្មីៗនេះ របស់ប្រធានាធិបតី Trump សម្រាប់សង្គ្រាម របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បន្ទាប់ពីចំណាប់ខ្មាំងអ៊ីស្រាអែល ដែលនៅរស់ ទាំង២០នាក់ ត្រូវបានក្រុមហាម៉ាស់ ប្រគល់មកវិញ។

លោក Biden បាននិយាយថា «ខ្ញុំពិតជាដឹងគុណ និងធូរចិត្តយ៉ាងខ្លាំង ដែលថ្ងៃនេះ បានមកដល់ សម្រាប់ចំណាប់ខ្មាំង ២០នាក់ ដែលនៅរស់ចុងក្រោយ ដែលបានឆ្លងកាត់នរក ដែលមិនអាចនឹកស្មានដល់ ហើយ ទីបំផុត ត្រូវបានជួបជុំ ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេ ហើយសម្រាប់ជនស៊ីវិល នៅតំបន់ហ្គាហ្សា ដែលបានជួបប្រទះការបាត់បង់ដ៏ធំធេង ហើយទីបំផុត នឹងទទួលបានឱកាស ដើម្បីកសាងជីវិត របស់ពួកគេ ឡើងវិញ»។

លោកបានបន្ថែមថា «ផ្លូវទៅកាន់កិច្ចព្រមព្រៀងនេះ មិនងាយស្រួលនោះទេ… រដ្ឋបាលរបស់ខ្ញុំ បានធ្វើការ ដោយមិនឈប់ឈរ ដើម្បីនាំយកចំណាប់ខ្មាំង មកផ្ទះ ទទួលបានការសង្គ្រោះ ដល់ជនស៊ីវិល ប៉ាឡេស្ទីន និង បញ្ចប់សង្រ្គាម.. ខ្ញុំសូមសរសើរប្រធានាធិបតី Trump និង ក្រុមការងាររបស់គាត់ ចំពោះការងាររបស់ពួកគេ ដើម្បីទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ ជាថ្មី នៅចុងបញ្ចប់»។

ចំណាប់ខ្មាំង ដែលនៅរស់ ត្រូវបានបញ្ជូនមកវិញ ដោយក្រុមហាម៉ាស់ កាលពីថ្ងៃចន្ទ ដោយភាគីទាំងពីរបានអនុវត្តដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀងសន្តិភាព ដែលគាំទ្រដោយរដ្ឋបាល Trump ។ អ៊ីស្រាអែលក៏បានដោះលែងអ្នកទោស ប៉ាឡេស្ទីន ជាង ១,៩០០ នាក់ផងដែរ កាលពីថ្ងៃចន្ទ ដែលជាផ្នែក នៃកិច្ចព្រមព្រៀងឈប់បាញ់។

លោក Biden បាននិយាយថា «ឥឡូវនេះ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និង ពិភពលោក មជ្ឈិមបូព៌ាគឺស្ថិតនៅលើផ្លូវ ឆ្ពោះទៅរកសន្តិភាព ដែលខ្ញុំសង្ឃឹមថា នឹងស៊ូទ្រាំ ជាមួយនឹង អនាគតសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីនដោយមានវិធានការស្មើភាពគ្នានៃសន្តិភាព សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព»៕

ប្រភពពី The Hill ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner