សម្ដេចតេជោ ហ៊ុន សែន ៖ ម៉ាឡេស៊ី ជាប្រទេសទី១ ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ទៅ ៧ម៉ឺនតោនកាលឆ្នាំ២០២៤
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានអរគុណម៉ាឡេស៊ី ដែលបានជួយទិញអង្ករពីកម្ពុជា ដោយម៉ាឡេស៊ី ជាប្រទេសទី១ នាំអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ទៅ ៧ម៉ឺនតោនកាលឆ្នាំ២០២៤ ហើយសម្ដេចសង្ឃឹមថា ម៉ាឡេស៊ី និងជួយទិញផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ។ នេះបើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មាននៅក្រោយពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី នាពេលបច្ចុប្បន្ន មានភាពរឹងមាំ ហើយទំនាក់ទំនងនេះ មិនមែនត្រឹមតែទំនាក់ទំនងការទូត ឬក៏នយោបាយទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ ក៏មានភាពរឹងមាំផងដែរ ។ ឯកឧត្តម ក៏បានរំលេចនូវការលើកឡើងមួយចំនួនទៅកាន់សម្ដេចតេជោ ដោយពាក់ព័ន្ធនិងការអភិវឌ្ឍវិស័យអាហារហាឡាហាល់ នៅកម្ពុជា ដោយឯកឧត្តម ចង់ជំរុញឲ្យវិស័យនេះកើតចេញជារូបរាង និងមានភាពរីកចម្រើននៅកម្ពុជា ។
ជាមួយគ្នានោះ ឯកឧត្តមក៏បានរំលេចអំពីការពង្រីកនូវទំនាក់ទំនងផ្នែកទេសចរណ៍ ដែលឯកឧត្តម ចង់ជំរុញឲ្យវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី កាន់តែរីកចម្រើន ហើយម៉ាឡេស៊ី ក៏បានត្រៀមខ្លួនក្នុងការទទួលនូវទេសចរណ៍កម្ពុជា ជាពិសេស គឺទេសចរណ៍ផ្នែកសុខាភិបាល ដែលទៅទទួលសេវាពិនិត្យសុខភាព នៅក្នុងប្រទេសម៉ាឡេស៊ី ។ ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោថា ម៉ាឡេស៊ី និងពិនិត្យមើលជាក់ស្ដែង ដើម្បីធ្វើយ៉ាងណាអាចមានលទ្ធភាព ក្នុងការបង្កើតមន្ទីរពេទ្យម៉ាឡេស៊ី នៅកម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចំពោះការពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ឲ្យកាន់តែរីកចម្រើន ។ សម្ដេចតេជោ បានកត់សម្គាល់ថា ដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើរទៅស្របគ្នាទាំងសេដ្ឋកិច្ច និងនយោបាយ ការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ រវាងកម្ពុជា និងម៉ាឡេស៊ី ត្រូវតែធ្វើយ៉ាងណា ឲ្យមានភាពរីកចម្រើនដូចគ្នាដែរ ។ សម្ដេចតេជោ ក៏បានកត់សម្គាល់ដែរថា ពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី មានការកើនឡើង ប៉ុន្តែសម្ដេច ចង់ជំរុញឲ្យរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើយ៉ាងណា ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានការកើនឡើងបន្ថែមទៀត ។
ទាក់ទងទៅនឹងទេសចរណ៍សុខាភិបាល សម្ដេចតេជោ បានឯកភាពទៅនឹងការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហើយសម្ដេចតេជោ បានផ្ដល់យោបល់ថា ម៉ាឡេស៊ី គួរតែបង្កើតមជ្ឈមណ្ឌលផ្ដល់ព័ត៌មានមួយ ពីការផ្ដល់សេវាសុខាភិបាលនៅកម្ពុជា អំពីការទៅព្យាបាលនៅប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយឲ្យប្រជាពលរដ្ឋ ចង់ទៅព្យាបាលនៅម៉ាឡេស៊ី អាចស្វែងយល់បន្ថែមទៀតនៅក្នុងការសិក្សា ក៏ដូចជា ស្វែងរកជម្រើសក្នុងការទៅព្យាបាលនៅប្រទេសម៉ាឡេស៊ី ។
ទាក់ទងនឹងវិស័យអាហារហាឡាល់ សម្ដេចតេជោ បានលើកឡើងផងដែរថា នេះជាបញ្ហាមួយដែលបានលើកឡើងយូរមកហើយ ដោយសម្ដេចសង្ឃឹមថា នឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ ដែលប្រទេសទាំងពីរ អាចធ្វើបានក្នុងកិច្ចសហការជាមួយគ្នា ។
ទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ សម្ដេចតេជោ បានពន្យល់ទៅកាន់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីស្ថានភាពនៃបញ្ហាព្រំដែន រួមទាំងបច្ចុប្បន្នភាពទាក់ទងទៅនឹងការចាក់សំឡេងខ្មោច ឬក៏សំឡេងផ្សេងៗទៀត ពីភាគីថៃ រំខានដល់ពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ជាដើម ដែលបានកើតឡើងរយៈពេលប្រមាណ ៤យប់មកហើយ ។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីស្ថានភាពទូទៅនៃបញ្ហាព្រំដែន ដែលជាកង្វល់ និងជាបញ្ហាមួយផុយស្រួយខ្លាំងណាស់ក្នុងការប៉ះទង្គិចគ្នាឡើងវិញ ។ ដូច្នេះហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា អ្វីដែលកម្ពុជាចង់បាន គឺមិនត្រូវការឲ្យប្រទេសណាមួយ សម្ព័ន្ធមិត្ត ឬក៏មិត្តរបស់កម្ពុជា ទៅថ្កល់ទោសប្រទេសណាទេ ប៉ុន្តែអ្វីដែលកម្ពុជា ចង់បាន គឺការធ្វើយ៉ាងណា ជំរុញឲ្យភាគីទាំងពីរ គោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ឡើងវិញ ។
ជាមួយគ្នានេះ តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្ដេចតេជោ មិនភ្លេចអរគុណចំពោះឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានធ្វើសកម្មភាពយ៉ាងសកម្មជាទីបំផុតក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ។ សម្ដេចតេជោ បានបង្ហាញនូវការគោរព ចំពោះតួនាទីស្នូលរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានសារៈសំខាន់ណាស់ក្នុងការធ្វើយ៉ាងណា ទាំងការធានាបទឈប់បាញ់ និងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ក្នុងឋានៈឯកឧត្តមជាប្រធានអាស៊ាន ។ សម្ដេចតេជោ បានផ្ដាំផ្ញើនូវការនឹករលឹក និងអរគុណយ៉ាងក្រៃលែង ចំពោះការចូលរួមចំណែកយ៉ាងសកម្មពីភាគីម៉ាឡេស៊ី ។
ជាចុងក្រោយ សម្ដេចតេជោ ក៏បានលើកឡើងពីបញ្ហាមីយ៉ាន់ម៉ា ទីម័រឡេស្ដេ ដែលម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន ក៏សម្រួលជួយក្នុងការឲ្យទីម័រឡេស្ដេ ចូលជាសមាជិកអាស៊ានពេញសិទ្ធិក្នុងពេលខ្លីខាងមុខនេះផងដែរ ។ សម្ដេចតេជោ បានជូនពរឲ្យគណៈប្រតិភូ បំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យ ៕









អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ