ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក ចាប់ផ្តើមដំណើរការផ្លូវការនូវកម្មវិធីរ៉ូដស៉ូ IPO នៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក (PCG) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានចាប់ផ្តើមយុទ្ធនាការជាផ្លូវការរបស់ខ្លួន សម្រាប់កម្មវិធីរ៉ូដស៉ូជាលក្ខណ:អន្តរជាតិ បន្ទាប់ពីកម្មវិធីរ៉ូដស៉ូលើកដំបូងជាផ្លូវការរបស់ខ្លួនទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍នេះរៀបចំឡើងនៅសាលប្រជុំនៃផ្សារមូលបត្រកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់វិនិយោគិន ស្ថាប័ន អ្នកជំនាញអចលនទ្រព្យ អ្នកដឹកនាំអាជីវកម្ម និងអ្នកសារព័ត៌មានជាច្រើននាក់ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសាធារណៈជន និងការរំពឹងទុកខ្លាំងនៃទីផ្សារមកលើការចុះបញ្ជីជាសាធារណៈរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក ផ្ទាល់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានសាទរដល់ក្រុមប្រឹក្សាភិបាល និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ចំពោះការបោះជំហានមួយយ៉ាងធំជាមួយការប្តេជ្ញាចិត្តយ៉ាងមោះមុត ព្រោះការត្រៀមខ្លួនក្នុងការចុះបញ្ជីមិនមែនជារឿងងាយស្រួលនោះឡើយ។ ឯកឧត្តមបន្តថា ក្រុមហ៊ុនតម្រូវឱ្យមានតម្លាភាពនៃរបាយការណ៍ហិរញ្ញវត្ថុ អភិបាលកិច្ចសាជីវកម្មល្អ និងទំនួលខុសត្រូវខ្ពស់ជូនសាធារណជន។ ដូច្នេះ ក្រុមហ៊ុនបានឈានមកដល់ដំណាក់កាលនេះ សបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនបានបំពេញគ្រប់លក្ខខណ្ឌពេញលេញជាមួយនឹង និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា។

ឯកឧត្តមបានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុន ពីកាសូ គ្រោងនឹងកៀរគរទឹកប្រាក់សរុបចំនួន ១២លានដុល្លារ ជាមួយចំនួនភាគហ៊ុនបោះផ្សាយសរុប ១០លានភាគហ៊ុន និងថ្លៃបោះផ្សាយ ៤.៨០០រៀលក្នុងមួយភាគហ៊ុន។ ជាមួយនឹងភាពទាក់ទាញ ក្រុមហ៊ុនបានផ្តល់ភាគលាភធានាអប្បបរមាចំនួន ៧%សម្រាប់រយៈពេល ៥ឆ្នាំ បន្ទាប់ពីចុះបញ្ជី។ គម្រោងខុនដូនេះមិនត្រឹមតែជារចនាសម្ព័ន្ធបេតុង និងកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែវាជាគេហដ្ឋាន ជាសហគមន៍ និងជាកន្លែងរស់នៅដែលផ្សារភ្ជាប់នូវទំនាក់ទំនង និងការរីកចម្រើន។ ទាំងនេះវាបង្ហាញនូវទំនើបកម្មនៃសង្គម ដែលស្ថិតនៅលើគន្លងនៃការវិវត្ត ប្រកបដោយនិរន្តរភាព និងចីរភាព។ទោះបីជាវិស័យអចលទ្រព្យនៅកម្ពុជាមានសភាពហាក់នៅនឹងថ្កល់ តែក្រុមហ៊ុន ពីកាសូ បានបោះជំហានទៅមុខឥតឈប់ឈរ និងទទួលបានការគាំទ្រពីអតិថិជន ដែលភាគច្រើនជាអភិជន ការទូត និងអ្នកដែលស្វែងរកលំនៅដ្ឋានប្រកបដោយប្រណិតភាព។


ឯកឧត្តម ហុង សុហួរ បានលើកឡើងថា គិតមកត្រឹមបច្ចុប្បន្ន យើងមានក្រុមហ៊ុនចុះបញ្ជី ២៥ក្រុមហ៊ុន ដែលបានចុះបញ្ជីលក់ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ ក្រុមហ៊ុនទាំងអស់បានកៀរគរទុនប្រមាណ ៦៤៨លានដុល្លារ។ បើសិនយើងបូកបញ្ចូល ក្រុមហ៊ុន ពីកាសូ យើងនឹងទទួលបានប្រមាណ ៦៦០លានដុល្លារ។ យើងក៏រំពឹងផងដែរថា ត្រឹមចុងឆ្នាំនេះ យើងនឹងទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលមួយបន្ថែមទៀតជាមួយទឹកប្រាក់ប្រមាណ ៤០លានដុល្លារ។ ដូច្នេះ គិតត្រឹមចុងឆ្នាំ២០២៥នេះ យើងរំពឹងថា ទឹកប្រាក់ដែលក្រុមហ៊ុនកៀរគរសរុបនឹងកើនឡើងដល់ ៧០០លានដុល្លារ។ ជាមួយគ្នានេះ ឯកឧត្តម ហុង សុហួរ ក៏បានបង្ហាញការស្វាគមន៍ក្រុមហ៊ុន ដែលនឹងត្រៀមចូលជាសមាជិកថ្មីក្នុងពេលឆាប់ៗនេះ និងសូមជូនពរក្រុមហ៊ុនទទួលបានជោគជ័យក្នុងដំណើរការរ៉ូដសូ និងបរិវិសកម្មតាមផែនការដែលបានកំណត់ទុក និងឈានទៅដល់ការចុះបញ្ជីក្នុងខែវិច្ឆិកាខាងមុខនេះ។

លោក Teng Cheng Yueh ប្រធានក្រុមហ៊ុនធានាទិញមូលបត្រ ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានឲ្យដឹងថា ព្រឹត្តិការណ៍នៅភ្នំពេញនេះ ជាការចាប់ផ្តើមផ្លូវការនៃកម្មវិធីរ៉ូដស៉ូទូទាំងតំបន់អាស៊ីដែលរួមបញ្ចូលទីក្រុងសំខាន់ៗដូចជា សៀងហៃ សិនជិន ហុងកុង ឆុងឈីង ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ និងតូក្យូ។ គោលបំណងចម្បងនេះ គឺដើម្បីណែនាំអំពីសក្តានុពលទីផ្សារអចលនទ្រព្យកម្ពុជា ទៅកាន់វិនិយោគិនអន្តរជាតិ ជាពិសេសក្នុងសហគមន៍វិនិយោគចិនទូទាំងពិភពលោក និងមូលនិធិវិនិយោគអចលនទ្រព្យ។

លោកស្រី Teoh Seok Ai នាយកប្រតិបត្តិនៃក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក បានមានប្រសាសន៍ថា នេះមិនមែនគ្រាន់តែជាការផ្លាស់ប្តូរនៃមូលប័ត្ររបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក នោះទេ តែជាការអភិវឌ្ឍន៍ និងភាពរីកចម្រើន ក៏ដូចជាបរិបទថ្មីមួយទៀតនៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកស្រីនាយកប្រតិបត្តិបន្ថែមថា ការចុះបញ្ជី IPO នេះមិនត្រឹមតែផ្តល់នូវប្រាក់ចំណេញថេរទៅកាន់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែតម្លៃផ្តល់ជូនក្នុងមួយភាគហ៊ុនគឺ ១.២០ ដុល្លារ ដែលស្មើនឹងតម្លៃបញ្ចុះប្រមាណ ៤០% ប្រៀបធៀបនឹងតម្លៃទីផ្សារប៉ាន់ស្មាន ដែលបង្ហាញពីសក្តានុពលលូតលាស់ខ្ពស់ និងឱកាសទទួលបានប្រាក់ចំណេញរយៈពេលវែង ព្រមទាំងជាចំណុចល្អ បំផុតសម្រាប់វិនិយោគិនបរទេស ដែលមានចំណាប់អារម្មណ៏ចង់ចូលក្នុងទីផ្សារមូលប័ត្រកម្ពុជា។

តាមការស្ទង់មតិនៅក្នុងកម្មវិធីរ៉ូដស៉ូនេះ បានបង្ហាញឲឃើញថា វិនិយោគិនជាង ៧០% បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងចំពោះគោលនយោបាយចំណេញថេរនៃប្រាក់ចំណូលប្រចាំឆ្នាំនៃមូលប័ត្ររបស់ក្រុមហ៊ុនដែលស្មើនឹង ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំទៅលើការវិនិយោគនេះ។ បន្ថែមពីនេះ វិនិយោគិនស្ថាប័នជាច្រើនក៏បានស្នើសុំឯកសារ ក៏ដូចជាសំណុំបែបបទចុះឈ្មោះជួញដូរមូលប័ត្រនៅក្នុងព្រឹត្តិការណ៍ផ្ទាល់តែម្តង៕ អត្ថបទ ៖ ឈឹម ទីណា



