លោក Donald Trump គំរាមឈប់ទិញប្រេងចម្អិនអាហារពីចិន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសការសម្រេចចិត្តឈប់ទិញសណ្តែកសៀងពីសំណាក់ប្រទេសចិនថា ជា “ទង្វើអរិភាពសេដ្ឋកិច្ច” ហើយថែមទាំងបានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកក៏គួរតែឈប់ទិញប្រេងចម្អិនអាហារពីប្រទេសចិនវិញ។

លោកប្រធានាធិបតី ត្រាំ បានសរសេរសារបង្ហោះលើវេទិកា Truth Social នៅថ្ងៃអង្គារថា យើងកំពុងពិចារណាបញ្ឈប់ការធ្វើពាណិជ្ជកម្មមួយចំនួនជាមួយចិន ក្នុងនោះរួមមានទាំងប្រេងចម្អិនអាហារ និងមុខទំនិញពាណិជ្ជកម្មផ្សេងៗទៀត ដើម្បីជាការសងសឹក។

ភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ និងទី២របស់ពិភពលោក បានឆាបឆេះខ្លាំងឡើងវិញបន្ទាប់ពីចិនបានចាត់វិធានការរឹតត្បិតការនាំចេញរ៉ែកម្រ ខណៈដែលលោកប្រធានាធិបតី ត្រាំ គំរាមដាក់បន្ថែមពន្ធ ១០០ភាគរយលើទំនិញចិនគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ។
ទន្ទឹមគ្នា លោកប្រធានាធិបតី ត្រាំ ថែមទាំងបានគំរាមលុបចោលគម្រោងជួបជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង អំឡុងកិច្ចប្រជុំកំពូល APEC នៅចុងខែនេះផងដែរ។
ជាការឆ្លើយតប ប្រទេសចិនបានចោទអាមេរិកប្រើប្រាស់ស្តង់ដាពីរ ក្នុងជម្លោះពាណិជ្ជកម្ម ហើយចិនក៏បានអះអាងដែរថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីកំដរប្រយុទ្ធដល់ទីបញ្ចប់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
