ទីលានផ្ទុកសំរាមថ្មីខេត្តបន្ទាយមានជ័យ អាចផ្ទុកកាកសំណល់សំរាមបានមួយម៉ឺនតោន
(ខេត្តបន្ទាយមានជ័យ)៖ ទីលានផ្ទុកសំរាមថ្មីនៅខេត្តបន្ទាយមានជ័យដែលទើបចាប់ដំណើរការ អាចទុកដាក់កាកសំណល់សំរាមបានមួយម៉ឺនតោន នេះបើតាមលោកអភិបាលរងក្រុងសិរីសោភ័ណបានឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាជាមូយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADBកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២៥នេះ។
លោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការគ្រប់គ្រងបរិស្ថាន នៅទីលានទុកដាក់សំរាម ក្នុងក្រុងសិរីសោភ័ណកំពុងដំណើរការ ប្រកបដោយអនាម័យលើបញ្ហាក្លិនស្អុយសំរាមមិនឲ្យសាយភាយទៅលើមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ជាមួយការញែកកាកសំណល់រឹងរាវ តាមលក្ខណៈ បច្ចេកទេស។ ក្នុងនោះដែរ យើងបានបង្កើនការផ្សព្វផ្សាយណែនាំឲ្យពលរដ្ឋ ចូលរួមវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវងាយស្រួលក្រុមអនាម័យប្រមូលយកទៅដាក់នៅទីលានផ្ទុកសម្រាមថ្មី ។
លោក ឃ្លោក នួយ បានបញ្ជាក់ទៀតនូវការគ្រប់គ្រងសំរាម នៅទីលាននេះពិតជាមានសារៈ សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងទីប្រជុំជនក្រុង តាមរយៈការលើកកម្ពស់វិស័យបរិស្ថាន ។
លោក អ៊ឹម សុភារៈ អភិបាលរងក្រុងសិរីសោភ័ណ បានឲ្យដឹងថា ទីលានគ្រប់គ្រងសំរាម ឬទីលានផ្ទុកសម្រាមថ្មីក្រុងសិរីសោភ័ណ ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានសាងសង់លើផ្ទៃដី ១១ហិកតា រួមទាំងអគាររដ្ឋបាល បានចាប់ផ្តើមសាងសង់ពីឆ្នាំ២០២៣ និងបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅក្រោមកម្ចីឥណទានហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ។
គិតមកដល់ខែតុលា ឆ្នាំ២០២៥ រយៈពេល ៨ខែ ទីលានផ្ទុកសំរាមថ្មីនៅខេត្តបន្ទាយមានជ័យ អាចផ្ទុកកាកសំណល់សំរាមបានមួយម៉ឺនតោន ហើយទីលាននេះអាចផ្ទុកសំរាមបានលើសហ្នឹងថែមទៀតដោយសាទីលានផ្ទុកសំរាមថ្មីយើងមានចំនួន ២សែលឬរណ្ដៅអាងផ្ទុកសំរាម និមួយៗទំហំ ៥០ម៉ែត្រការ៉េ លើផ្ទៃដី ១០ហិតា។
លោក អ៊ឹម សុភារៈ បានបញ្ជាក់ទៀតថា ដោយទីលានផ្ទុកសំរាមថ្មីមានទំហំធំ ជាមួយបច្ចេកទេសគ្រប់គ្រងសំរាម ក្រុងសិរីសោភ័ណ ក៏ដូចជាខេត្តបន្ទាយមានជ័យ ឆ្លើយតបការកែលម្អអនាម័យបរិស្ថានប្រសើរឡើង លើកកម្ពស់សុខមាលភាព និងកាត់បន្ថយភាពក្រីក្រប្រជាពលតដ្ឋ ៕






ដោយ ÷ គៀន ច័ន្ទហ៊ីន