សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា

ភ្នំពេញ៖ នៅចំពោះមុខភាពគឃ្លើននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរពនិងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៥។

ក្នុងឱកាសនេះផងដែរ ព្រឹទ្ធសភាបានសម្តែងនូវការដឹងគុណជូនវីរៈកងទ័ពជួរមុខដ៏អង់អាច ក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងសូមថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពដឹកនាំប្រកបដោយភាពវៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍ របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។

ដោយឡែកក្នុងមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សកម្មភាពការទូតសភាត្រូវបានបន្តពង្រីកកាន់តែសកម្មឡើង ដើម្បីរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំពង្រឹងការងារការទូត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់កម្ពុជា តំបន់ និងពិភពលោក ក្នុងពេលដែលសភាពការណ៍តំបន់ និងពិភពលោកកំពុងមានភាពច្របូកច្របល់ខ្លាំង និងហានិភ័យខ្ពស់ ដែលកើតចេញពីការបន្តប្រកួតប្រជែងយុទ្ធសាស្រ្តភូមិសាស្រ្តរបស់ប្រទេសមហាអំណាច ភាពតានតឹងនៃជម្លោះ ការរីកសាយនៃសង្គ្រាម ក្នុងតំបន់មួយចំនួននៅលើពិភពលោក និងជម្លោះព្រំដែនកម្ពុជាថៃ ដែលបង្កដោយភាគីថៃ៕

ដោយ៖ពលជ័យ

ads banner