ផែនការប្រមូលទឹកទុកឆ្នាំ២០២៦ របស់អាជ្ញាធរជាតិអប្សរា សម្រាប់ប្រើប្រាស់ និងជាប្រយោជន៍នានានៅតំបន់អង្គរ បានសម្រេចជិត ១០០%ហើយ
(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា ដែលមានផែនការប្រមូលទឹកទុក នៅតំបន់រមណីយដ្ឋានអង្គរ សម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងឆ្នាំ២០២៦ខាងមុខ និងសម្រាប់ជាប្រយោជន៍ផ្សេងៗទៀត ត្រូវមន្ត្រីជំនាញបញ្ជាក់ថា ជិតសម្រេចបាន ១០០ភាគរយហើយ ។ ប្រតិបត្តិការបញ្ចូលទឹកនេះ ដែលត្រូវបានមន្រ្តីជំនាញក្រុមការងារគ្រប់គ្រងទឹក បាននិងកំពុងបញ្ចូលតាមអាងស្ដុកទឹកធំៗ បញ្ជាក់ថា នឹងពេញទាំងស្រុងតាមបារាយណ៍ និងកសិន្ធុសំខាន់ៗ នៅចុងខែតុលានេះ ដែលមានទឹកស្តុកសរុបប្រហែល ៧០លានម៉ែត្រគុប ។ ប្រតិបត្តិការនេះ បានដើរទាន់ពេលនឹងសេចក្តីរាយការណ៍របស់ក្រសួងធនធានទឹក ដែលបានបញ្ជាក់ដែរថា ទឹកភ្លៀងរដូវវស្សានឹងចាប់ផ្តើមអស់ នៅដើមខែវិច្ឆិកា ខាងមុខនេះ ហើយរដូវរំហើយក៏នឹងចូលមកដល់ ។

លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានសំណូមពរដល់ប្រជាពលរដ្ឋ ពិសេសនៅតាមមាត់ប្រឡាយទឹកបុរាណ មិនត្រូវចាក់ដីលុបដោយគ្មានបច្ចេកទេសលើប្រព័ន្ធទឹកបុរាណឡើយ ព្រោះអាចបណ្ដាលឱ្យស្ទះមាត់ទឹក និងទឹកជន់លិចជាដើម។

សូមបញ្ជាក់ថា ការងារគ្រប់គ្រងទឹក នៅតំបន់អង្គរ ត្រូវមន្ត្រីជំនាញបានឲ្យតម្លៃថា ជាការងារសំខាន់ដែលអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ខ្ពស់ និងខិតខំរៀបចំ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយមិនធ្វេសប្រហែសឡើយ ហើយប្រសិនណាបើការគ្រប់គ្រងមិនបានល្អ នោះវានឹងគ្រោះថ្នាក់ទាំងប្រាសាទ និងបង្កគ្រោះទឹកជំនន់នៅតំបន់ប្រាសាទ ហើយនិងក្រុងសៀមរាបផង។

បុព្វបុរសខ្មែរ ដែលបានកសាងរាជធានីអង្គរ បានទាញយកទឹកពីភ្នំគូលែន ដែលគេហៅថា ជាទឹកមន្ត ជាទឹកស័ក្ដិសិទ្ធ មកប្រើប្រាស់ក្នុងតំបន់ទាំងមូល បានខួបប្រាំង ខួបវស្សា តាមរយៈការរៀបចំប្រព័ន្ធធារាសាស្រ្ត គឺមានភាពប៉ិនប្រសព្វបំផុត ដែលមានដូចជាប្រឡាយ ស្ទឹង ទំនប់ កសិន្ធុ និងលើកបារាយណ៍ខ្វាត់ខ្វែងដើម្បីរក្សាទឹកទុកប្រើប្រាស់ឱ្យអស់លទ្ធភាព ដោយមិនទុកឱ្យហូរធ្លាក់ទៅទន្លេសាបដោយឥតប្រយោជន៍ឡើយ ។ រាជធានីអង្គរ ដោយសារមានការបោះបង់ចោល និងពុំមានការថែទាំដិតដល់ ប្រព័ន្ធធារាសាស្រ្តសម័យបុរាណ បានរងការខូចខាតស្ទើរទាំងស្រុង ដែលបាននាំឱ្យអាងស្ដុកទឹកទាំងនោះ លែងមានទឹក ខ្លះក្លាយជាព្រៃ និងក្លាយជាកន្លែងដាំដុះស្រូវស្រែចម្ការដែលប្រជាជនអាស្រ័យផលជាដើម និងថែមទាំងបាននាំឲ្យរដូវវស្សានៃឆ្នាំខ្លះ ទឹកដែលហូរធ្លាក់ពីភ្នំគូលែន មិនអាចចូលអាងស្ដុកទឹកទាំងនោះបាន និងបានបង្កជាការជន់លិចតំបន់ប្រាសាទ និងក្រុងសៀមរាប ថែមទៀតផង។

សូមបញ្ជាក់ថា នាយកដ្ឋានគ្រប់គ្រងទឹក ត្រូវបានអាជ្ញាធរជាតិអប្សរា បានបង្កើតឡើងនៅឆ្នាំ២០០៤ ដើម្បីគ្រប់គ្រងទឹក និងរៀបចំស្ដារប្រព័ន្ធធារាសាស្រ្តសម័យបុរាណឡើងវិញ ។ ក្រោយពីបានចាប់ផ្តើមកិច្ចការងាររបស់ខ្លួន បារាយ ណ៍នាគព័ន្ធ ដែលគោករីងទឹកប្រមាណ៥០០ឆ្នាំ មកហើយបានចាប់ផ្តើមមានទឹកឡើងវិញនៅឆ្នាំ២០០៨ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ អាជ្ញាធរជាតិអប្សរា


