ក្រសួងអភិវឌ្ឍន៍ជនបទផ្តោតលើការពង្រឹងលើការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិចនិងអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច ឱ្យក្លាយជាភូមិគំរូ
បាត់ដំបង៖ នៅក្នុងពិធីផ្សព្វផ្សាយទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣១និងលើកទី២១ នៅកម្ពុជា (៩សីហា២០២៥)កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ មន្រ្តីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ពីការយកចិត្តទុកដាក់លើការពង្រឹងលើការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិចនិងអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច ឱ្យក្លាយជាភូមិគំរូ ។
ក្រោមប្រធានបទ÷ ” ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិដើមភាគតិចក្នុងបរិបទបរិវត្តកម្ម ឌីជីថល ” ដែលបានធ្វើឡើងនៅទីស្នាក់ការសហគមន៍ជនជាតិដើមភាគតិចព័រស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបងឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចដោយបន្តខិតខំក្នុងការថែរក្សាឱ្យគង់វង្សនូវទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនឱ្យបានស្ថិតស្ថេរយូរអង្វែងក្រោមពាក្យស្លោក÷ “ការអភិវឌ្ឍ ដើរទន្ទឹម ការអភិរក្ស” តាមរយៈការៀបចំនិងអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិចឱ្យក្លាយទៅជាភូមិគំរូដោយផ្អែកលើសក្តានុពលផ្នែកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងទេសចរណ៍ ។
ខណៈជាតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ,ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា
ការប្រារព្វនូវទិវានេះឡើង ពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់នូវគុណតម្លៃ វប្បធម៌ប្រពៃណី ភាសាដ៏ល្អផូរផង់និងរស់រវើក ។នេះជាឱកាសក្នុងការប្រមូលផ្តុំទស្សនៈដែលជាគន្លឹះសម្រាប់ជួយអភិវឌ្ឍន៍បងប្អូនជនជាតិដើមភាគតិច ហើយក៏ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ដល់បងប្អូនជនជាតិដើមភាគតិចពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ហ្រី។
លោក វាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបថា ខេត្តបាត់ដំបងមានជនជាតិដើមភាគតិចព័រ តែមួយអំបូរប៉ុណ្ណោះនិងមានចំនួនគ្រួសារសរុប ១២៥គ្រួសារ ស្មើនឹង ៤២៦នាក់ (ស្រី
២០៨នាក់)។ពួកបាននិងកំពុងរស់នៅក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត។ក្នុងចំណោមបងប្អូនជនជាតិដើមភាគតិចនៅកម្ពុជាប្រមាណជាង១.៤ភាគរយនៃប្រជាជនសរុប ដែលកំពុងរស់នៅ១៥ខេត្ត និងមានប្រមាណ២៤ក្រុម
ដែលមានប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ របៀបនៃការរស៎នៅ និងការប្រើប្រាស់ភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។
លោកប្រធានមន្ទីរបន្តថាដោយមានការយកចិត្តទុកដាក់ពីក្រសួង ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីមន្ទីរអន្តរវិស័យនិងការចូលរួមរបស់អង្គការដៃគូអភិវឌ្ឍន៍នានានៅទីនេះ បានផ្តោតការយកចិត្តទុកដាក់ក្នុងការផ្តល់គម្រោងនានា ដើម្បីជួយដល់សហគមន៍ជនជាតិដើមព័រនៅទីនេះ តាមរយៈគម្រោងរ៉េដបូកសំកុស ដូចជាផ្នែកអប់រំ ផ្នែកលើកកម្ពស់ជីវ
ភាពគ្រួសារក្រីក្រ ផ្នែកគម្រោងអណ្តូងទឹកសូឡា។តាមរយៈសកម្មភាពអាទិភាពចំនួន៥ របស់អង្គការ PRD ដូចជាផ្នែកអប់រំមត្តេយ្យសាលានិងបឋមសិក្សា, ការលើកស្ទួយនិងអភិរក្សទំនៀមទម្លាប់និងការប្រើប្រាស់ភាសាដើមដល់យុវជន ,ការផ្តល់ជំនួយឧបត្ថម្ភអាហារូបករណ៍និងការលើកកម្ពស់សិទ្ធិអំណាចពង្រឹងដល់ក្រុមស្ត្រីឱ្យមានជំនាញកែច្នៃចំណីអាហារ មានជំនាញវិជ្ជាជីវៈ អាជីវកម្មខ្នាតតូចនិងជាក្រុមស្ត្រីគំរូក្នុងសហគមន៍ និងអង្គការផ្ទះតូចភូមិភាគឦសាន ក្នុងការអនុវត្ត នូវគម្រោង ” បង្កើនសកម្មភាពសហគមន៍ជីវៈមេត្រី ” ជាដើម។ល។
ទាក់ទងនឹងការផ្សព្វផ្សាយនេះដែរ លោក ផេង សិទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូអភិបាលខេត្តបាត់ដំបង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច។ ការលើកកម្ពស់សិទ្ធិ និងការការពារឧត្តមប្រយោជន៍របស់ជនជាតិដើមភាគតិច គឺធ្វើយ៉ាងណាឱ្យបងប្អូនជនជាតិដើមភាគតិចទទួលបាននូវគុណភាពនិងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព សុ
វត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ។ការបង្កើននូវភាពចម្រុះនៃវប្បធម៌ ពហុភាសា សេរីភាព ជំនឿ និងសាសនា ធ្វើឱ្យកម្ពុជាកាន់តែមានគុណតម្លៃបន្ថែមទៀត ក្នុងនាមពួកយើងទាំងអស់គ្នាជាបងប្អូនខ្មែរតែមួយ។
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ទៀតថា ការប្រារព្វនូវទិវានេះឡើង គឺពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់នូវគុណតម្លៃ វប្បធម៌ប្រពៃណី ភាសាដ៏ល្អផូរផង់និងរស់រវើក ដែលជាឱកាសក្នុងការប្រមូលផ្តុំទស្សនៈដែលជាគន្លឹះសម្រាប់ជួយអភិវឌ្ឍន៍បងប្អូនជនជាតិដើមភាគតិច ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.




