គ្រុំចំពុះទានៅសហគមន៍តំបន់ការពារទេសភាពពាមក្រសោប នៅតែដំណើរការផលិតធម្មតាបើទោះបីខ្វះទីផ្សារប្រទេសថៃ

(ភ្នំពេញ)៖ គ្រុំចំពុះទា ឬអ្នកស្រុកហៅថាខ្យងចំពុះទា ដែលជាជលផលសមុទ្រដ៏សំខាន់ និងជារបរ បង្គោលមួយ របស់សហគមន៍តំបន់ការពារទេសភាពពាមក្រសោប ស្ថិតក្នុង ស្រុក មណ្ឌលសីមា ខេត្តកោះកុង។

ឈានមកដល់កៀកចុង ឆ្នាំ២០២៥នេះបើទោះបីទីផ្សារក្រៅប្រទេសមិនបាននាំចេញទៅកាន់ប្រទេសថៃ ដែលកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជាក្តី តែគ្រុំចំពុះទានៅតែអាចដំណើរការទៅមុខពោលគឺប្រជាសហគមន៍អាចលក់ក្នុងស្រុក និងមួយចំនួនលក់ទៅកាន់ប្រទេសវៀតណាមផងដែរ។

សហគមន៍ដែលមានឈ្មោះបោះសម្លេងក្នុងការចិញ្ចឹមគ្រុំចំពុះទាតំបន់ការពារទេសភាពពាមក្រសោប អាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ ២៥០០ដល់ ជាង ៤០០០តោន ក្នុង ១ រដូវ ហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទាពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យាពេលតិចតួចដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។

លោក សៀក សា បុន ប្រធាន សហគមន៍តំបន់ការពារទេសភាពពាមក្រសោប បានប្រាប់ AMS តាមទូរស័ព្ទថា បើគិតពីទីផ្សារពេលនេះហាក់នៅទ្រឹង ឬថយចុះបន្តិចបន្តួចដោយសារតែទីផ្សារមុននេះ គ្រុំចំពុះទា បាននាំទៅកាន់ប្រទេសវៀតណាម និងថៃ តែក្រោយផ្ទុះសង្រ្គាមថៃឈ្លានពានកម្ពុជាមកទីផ្សារប្រទេសថៃក៏ត្រូវបានបិទទាំងស្រុង តែគ្រុំចំពុះទាក៏អាចនាំទៅលក់កាន់ទីផ្សារប្រទេសវៀតណាម និងក្នុងស្រុកបានផងដែរ។បើនិយាយទីផ្សារក្នុងស្រុកមានការពេញនិយមបរិភោគច្រើនជាងមុន។

ប្រធានសហគមន៍តំបន់ការពារទេសភាពពាមក្រសោបបានឱ្យដឹងថា”ក្នុងមួយគ្រួសារៗចំណាយលើការបោះបង្គោលដើម្បីចិញ្ចឹមគ្រុំចំពុះទាចាប់ពី ១ពាន់ទៅ ២ពាន់ដើម ដោយប្រើថវិកាអស់ ៥០០ ទៅ ១ពាន់ដុល្លារ ហើយក្នុងប្រមូលការផលមកវិញមួយឆ្នាំៗក្នុងមួយគ្រួសារប្រមាណ ៣០ ទៅ ៤០តោន ។ សម្រាប់ពេលនេះបើនិយាយពីចំណេញ ពិបាកបន្តិចគឺបានត្រឹមរួចខ្លួន ខ្លះខាត ឬខ្លះទៀតចំណេញតិចតួចដោយសារក្នុងអំឡុងជិតចុងឆ្នាំនេះទីផ្សារហាក់ស្ងប់ស្ងាត់បន្តិច តែក៏នៅដំណើរការសន្សឹមៗទៅមុខជានិច្ច”។

បើតាម លោក សៀក សាបុន គ្រុំចំពុះទានៅពេលនេះតម្លៃហាក់ទាបបានត្រឹមតែ ៧០០រៀលក្នុងមួយគីឡូក្រាម តែចុងឆ្នាំឬដើមឆ្នាំជាធម្មតាលោករំពឹងថាតម្លៃ វានឹងហក់ឡើងវិញ។

លោក វង្ស តារា ម្ចាស់សហគ្រាសកែច្នៃបង្គារក្រៀម និងគ្រំចំពុះទា វង្ស តារា បានប្រាប់ឱ្យដឹងដែរថាគ្រំចំពុះទាក្រៅពីលក់ទៅក្រៅប្រទេស និងគេកែច្នៃសម្រាប់ធ្វើម្ហូបអាហារពិសេសៗប្រចាំភោជនីយដ្ឋានលំដាប់ល្បីៗឈ្មោះហើយ គេនៅទទួលទិញគ្រុំចំពុះទា ប្រភេទតូចៗសម្រាប់ធ្វើជាគ្រឿងផ្សំចំណីសត្វ ដែលប្រការនេះធ្វើឱ្យមានទីផ្សារល្អប្រសើរនាកន្លងមក។ក្រៅពីលក់លើទីផ្សារក្រៅប្រទេសគ្រុំចំពុះទាគេអាចកែច្នៃលក់លើទីផ្សារក្នុងស្រុកទទួលបានលទ្ធផលជោគជ័យ ដូចគ្នានាកន្លងមកនេះ។

ដោយឡែក លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនាថ្មីៗមកនេះថាបើទោះបីកម្ពុជាមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងយ៉ាងណាក្តី ប៉ុន្តែ ផលិតផលកសិកម្ម និងសន្តិសុខស្បៀងរបស់ប្រទេសកម្ពុជានៅតែរក្សាបានគ្រប់គ្រាន់ ពេញលេញ ហើយក៏មិនមានការឡើងថ្លៃដែរ ហើយប្រជាជននៅតែមានបន្លែបរិភោគ មានសាច់ ជ្រូក សាច់មាន់ សាច់គោ សាច់ត្រី គ្រប់សព្វបែបយ៉ាង ក្នុងតម្លៃសមរម្យដដែល។

លោក ជំទាវអនុវរដ្ឋលេខាធិការបានឱ្យដឹងដែរថា៖”ការធានាបានសន្តិសុខស្បៀងគឺអ្វីដែលក្រសួងកសិកម្មចង់បាន សម្រាប់ប្រជាជន និងប្រទេសកម្ពុជា។ តាមរយៈស្ថានភាពនាពេលនេះដែរយើងសឹងតែអាចនិយាយបានថាយើងមានអធិបតេយ្យស្បៀងរួចទៅហើយ លើកលែងតែផលិតផលមួយចំនួន ដែលយើងមិនអាចដាំដុះឬ ក៏ចិញ្ចឹមក្នុងស្រុកបាន ដែលទាមទារឱ្យមានការនាំចូលសម្រាប់បំពេញតម្រូវការក្នុងស្រុក”។

លោក ជំទាវ អ៊ឹម រចនា បានថ្លែងដែរថាៈ”អញ្ចឹងនេះជាឧទាហរណ៍មួយ ដែលយើងអាចលើកឡើងបានថាវិស័យកសិកម្មរបស់យើងកំពុងតែ ឈានទៅមុខ និងយើងកំពុងតែទៅដល់កម្រិតមួយគឺមានហូប មានបាន មានប្រើ និងមានរហូត”។

គួរបញ្ជាក់ថាគ្រំចំពុះទា វារស់នៅធំធាត់បានដោយស្វ័យជីវិត ក្នុងរយ:ពេល ១២ខែប៉ុណ្ណោះ។ ការរស់នៅរបស់វា អាស្រ័យដោយការតោងភ្ជាប់ដោយទងផ្ចិតជាប់ទៅនឹងមែកឈើ ឬខ្សែអ្វីមួយ ក្នុងទឹកសមុទ្រ។ពិតណាស់គ្រំប្រភេទនេះងាយរស់ ងាយចិញ្ចឹម ហើយក៏ងាយស្លាប់ទៅវិញដែរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner