អាល្លឺម៉ង់ចាយ ១០ ពាន់លានដុល្លារទិញដ្រូនយោធាទ្រង់ទ្រាយធំ

ប៊ែរឡាំង ៖ ឥន្ទ្រីស្លាបដែកអាល្លឺម៉ង់បានបញ្ចេញផែនការប្រកបដោយមហិច្ឆិតាមួយ តាមរយៈការជះលុយរហូតដល់ ១០.៨ពាន់លានដុល្លារក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ក្នុងគោលបំណងបញ្ជាទិញយន្តហោះដ្រូនយោធាទ្រង់ទ្រាយធំមិនធ្លាប់មាន។ នេះបើតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

ផែនការពង្រីកដ្រូនយោធារបស់អាល្លឺម៉ង់នេះ កើតឡើងបន្ទាប់ពីក្រុមមន្រ្តីលោកខាងលិចបានចោទប្រកាន់ក្នុងពេលថ្មីៗនេះថា យន្តហោះចម្បាំង និងដ្រូនរបស់រុស្ស៊ីបានហោះហើររំលោភចូលដែនអាកាសរដ្ឋសមាជិកអឺរ៉ុប ជាទង្វើដែលពួកគេចាត់ទុកថា ជាផ្នែកនៃសង្គ្រាមកូនកាត់បង្កើតឡើងដោយទីក្រុងមូស្គូ។

ជាការឆ្លើយតប វិមានក្រឹមឡាំងបានប្រកាសច្រានចោលការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន ហើយបានចោទបកទៅលោកខាងលិចវិញថា កំពុងញុះញង់ឱ្យមានការប្រឆាំងនឹងរុស្ស៊ី។

យ៉ាងណា រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា ផែនការបញ្ជាទិញដ្រូនយោធាខ្នាតយក្សនេះ កើតឡើងស្របពេលអឺរ៉ុបពិភាក្សាអំពីការបង្កើត “ជញ្ជាំងដ្រូន” ដែលជាបណ្តាញការពារដែនអាកាស និងជាប្រព័ន្ធឃ្លាំមើលប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៊ី។

ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ទៀតថា យន្តហោះដ្រូនដែលអាល្លឺម៉ង់គ្រោងបញ្ជាទិញទាំងនោះ ជាប្រភេទយន្តហោះដ្រូន UAV ដែលមានគ្រប់ប្រភេទ ពោលគឺមានទាំងយន្តហោះដ្រូនការពារ និងប្រយុទ្ធជាមួយសត្រូវ។

លោក Pistorius ក៏បានអះអាងដែរថា ការបញ្ជាទិញយន្តហោះដ្រូនទ្រង់ទ្រាយធំនេះទៀតសោត ជាផ្នែកមួយនៃការជំរុញធ្វើទំនើបកម្មយោធានៅទូទាំងប្លុកអឺរ៉ុប ដែលដឹកនាំដោយអាល្លឺម៉ង់ ហើយទីក្រុងប៊ែរឡាំងប្តេជ្ញាថា អាល្លឺម៉ង់នឹងដើរតួនាទីកាន់តែធំជាងមុន ដើម្បីធ្វើជាខែលការពារដែនអាកាសអឺរ៉ុប។

ឆ្លើយតបការច្រួលច្របល់នៅប្លុកអឺរ៉ុប ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចេញមុខអះអាងថា រុស្ស៊ីមិនបានកំណត់គោលដៅលើរដ្ឋណាមួយនៅអឺរ៉ុបដូចការចោទប្រកាន់នោះទេ ហើយថា ក្តីកង្វល់អំពីបញ្ហាយន្តហោះដ្រូន គឺជាលេសប៉ុនប៉ង់បង្កភាពតានតឹង និងគ្រាន់តែជាការបង្ហាញពីភាពត្រឹងត្រូវ ដើម្បីបង្កើនការចំណាយលើវិស័យយោធាតែប៉ុណ្ណោះ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner