BYD ប្រមូលឡានមកជួសជុលទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន
ប៉េកាំង ៖ ក្រុមហ៊ុន BYD នឹងប្រមូលឡានមកវិញដ៏ធំបំផុតមិនធ្លាប់មាន ជាមួយឡានស៊េរី Tang និង Yuan Pro ក្នុងចំនួនជាង ១១៥.០០០គ្រឿង ដែលផលិតនៅចន្លោះឆ្នាំ ២០១៥ និងឆ្នាំ ២០២២ ដោយសារបញ្ហារចនាបថឌីស្សាញ និងហានិភ័យសុវត្ថិភាពទាក់ទងនឹងថ្ម។ នេះបើតាមការបញ្ជាក់ពីនិយតករទីផ្សាររបស់ប្រទេសចិន។

កាសែតរ៉យទ័របានចេញផ្សាយក្នុងថ្ងៃសុក្រនេះថា ក្រុមហ៊ុនផលិតឡានយក្ស BYD របស់ចិន បានដាក់ឯកសារផែនការមួយទៅរដ្ឋបាលរបស់រដ្ឋ សម្រាប់បទប្បញ្ញត្តិទីផ្សារ ដើម្បីប្រមូលឡានស៊េរី Tang ចំនួន ៤៤.៥៣៥គ្រឿងមកវិញ ដែលផលិតនៅចន្លោះខែមីនា ឆ្នាំ២០១៥ ដល់ខែកក្កដា ឆ្នាំ២០១៧ ដែលក្នុងនោះ គុណវិបត្តិនៃការរចនាបថផ្នែកខ្លះ អាចបណ្តាលឱ្យមុខងារឡានដំណើរការមិនប្រក្រតី។
ទន្ទឹមគ្នា BYD ក៏នឹងប្រមូលឡានអគ្គិសនីស៊េរី Yuan Pro ចំនួន ៧១.២៤៨គ្រឿង ដែលផលិតនៅចន្លោះខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២២ ដោយសារតែបញ្ហាផលិតកម្មប៉ះពាល់ដល់ការដំឡើងថ្មផងដែរ។
សូមរម្លឹកថា កាលពីខែមករាដើមឆ្នាំនេះ ក្រុមហ៊ុន BYD បានប្រមូលមកវិញនូវឡានប្រភេទ Fangchengbao Bao 5 ជាឡានប្រភេទអគ្គិសនីលាយសាំង Off-Road SUV ចំនួន ៦.៨៤៣គ្រឿង ដោយព្រួយបារម្ភពីហានិភ័យបង្កជាចំហេះ។
ចំណែកកាលពីខែកញ្ញា ឆ្នាំ២០២៤ BYD ក៏បានប្រមូលឡានស៊េរី Dolphin និង Yuan Plus EV ជិត ៩៧.០០០គ្រឿងមកវិញផងដែរ ដោយសារតែបញ្ហាកំហុសការផលិត ពាក់ព័ន្ធនឹងមុងងារគ្រប់គ្រងដៃចង្កូត៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
