ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ប្រទេសមួយខ្លាំង លុះត្រាតែមានប្រជាជនខ្លាំង មានចំណេះដឹងខ្ពស់ និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់
(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រទេសមួយខ្លាំង លុះត្រាតែមានប្រជាជនខ្លាំង គឺប្រជាជនដែលមានចំណេះដឹងខ្ពស់ និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូច្នេះយើងត្រូវតែពង្រឹងសមត្ថភាពរបស់យើងឱ្យខ្លាំង ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិមាតុភូមិឱ្យកាន់តែរីកចម្រើននាថ្ងៃអនាគត ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស«A» ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ចំនួន៥៦នាក់ នៅខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចូលរួមអបអរសាទរចំពោះលទ្ធផលដ៏ល្អប្រសើរ របស់សិស្សានុសិស្សដែលទទួលបានជ័យលាភីនិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដែលលទ្ធផលនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សខ្លួនឯងផ្ទាល់,លោកគ្រូអ្នកគ្រូ, សាលារៀន,ឪពុកម្ដាយអាណាព្យាបាលសិស្ស, សហគមន៍, អាជ្ញាធរខេត្តនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយជំរុញបន្ថែមផងដែរ ។ ភាពជោគជ័យរបស់សិស្សានុសិស្សជ័យលាភីនាពេលនេះ គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ដូច្នេះត្រូវបន្តខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យបន្តបន្ទាប់ទៀតនៅថ្នាក់ឧត្តមសិក្សា ឬការរៀនមុខជំនាញវិជ្ជាជីវៈណាមួយ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមិនទទួលបានលទ្ធផលល្អក្នុងការប្រឡង សូមកុំបាក់ទឹកចិត្តឬអស់សង្ឃឹម តែត្រូវក្រោកឡើងតស៊ូលើដំណើរជីវិតដ៏វែងឆ្ងាយ សម្រួចគោលដៅក្នុងជីវិតរបស់ខ្លួនឲ្យបានច្បាស់លាស់ ហើយតាំងចិត្តខ្ពស់ដើម្បីសម្រេចឲ្យបាននូវគោលដៅ នោះហើយសូមកុំខ្លាចការលំបាក, ឆ្លងកាត់ការលំបាកកាន់តែច្រើន នឹងធ្វើឱ្យខ្លួនយើងរឹងមាំកាន់តែខ្លាំង ។
យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុបានអោយដឹងថា នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ កន្លងមកនេះនៅក្នុងខេត្តព្រះសីហនុ, បេក្ខជនបានមកប្រឡងមានចំនួនសរុប ២២១១នាក់ ស្រី ១១៤៦នាក់, បានប្រឡងជាប់ជាស្ថាពរចំនួន ២០០៤នាក់ ស្មើនឹង ៩០,៦៤% ស្រី ១០៧៥នាក់ ស្មើនឹង ៩៣,៨% ក្នុងនោះ៖
• បេក្ខជនជាប់និទ្ទេសA មាន៖ ៥៦នាក់ ស្រី ២៦នាក់
• បេក្ខជនជាប់និទ្ទេសB មាន៖ ១៦៩នាក់ ស្រី ៩០នាក់
• បេក្ខជនជាប់និទ្ទេសC មាន៖ ៥៣៩នាក់ ស្រី៣២៣នាក់
• បេក្ខជនជាប់និទ្ទេសD មាន៖ ៧៦៨នាក់ ស្រី៤១២នាក់
• បេក្ខជនជាប់និទ្ទេសE មាន៖ ៤៧២នាក់ ស្រី២២៤នាក់។
បើប្រៀបធៀបជាមួយឆ្នាំ២០២៤ សិស្សនិទ្ទេសA កើនបាន១១នាក់ ដោយឡែកនិទ្ទេសE គឺមានការថយចុះ ដែលជាកត្តាបង្ហាញឱ្យឃើញថា គុណភាពវិស័យអប់រំនៅក្នុងខេត្តព្រះសីហនុគឺមានការកើនឡើង ៕
អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ


















