លោក Trump ប្រាប់ឱ្យអ៊ុយក្រែន-រុស្ស៊ីឆាប់បញ្ចប់សង្គ្រាម និងបដិសេធឱ្យមីស៊ីល Tomahawk
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី នៅពេលលោកបានបដិសេធផ្តល់ឱ្យទីក្រុងកៀវនូវមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ពីព្រោះលោកចង់ជំរុញសារជាថ្មីឱ្យសង្គ្រាមនេះឆាប់បញ្ចប់។
ក្រោយបញ្ចប់កិច្ចប្រជុំជាមួយមេដឹកនាំអ៊ុយក្រែននៅសេតវិមាន លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ី និងអ៊ុយក្រែនគួរតែប្រញាប់បញ្ឈប់ការប្រយុទ្ធគ្នាឥឡូវនេះ ហើយធ្វើកិច្ចកិច្ចព្រមព្រៀងមួយ ពីព្រោះវាដល់ពេលត្រូវឈប់សម្លាប់គ្នាតទៅទៀតហើយ។
ងាកមកលោកប្រធានាធិបតី ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក NBC ទាំងទឹកមុខស្រពោនថា វាជារឿងល្អដែលលោកប្រធានាធិបតី ត្រាំ មិនបដិសេធផ្តល់មីស៊ីល Tomahawk ឱ្យអ៊ុយក្រែន ប៉ុន្តែថ្ងៃនេះ លោកបែរជាឆ្លើយបដិសេធទៅវិញ ដោយលើកហេតុផលថា អាមេរិកមិនចង់ចាក់សាំងលើភ្លើងសង្គ្រាមមួយនេះថែមទៀត។
មេដឹកនាំអ៊ុយក្រែនវ័យ៤៧ឆ្នាំរូបនេះ បានប្រញាប់ប្រញាល់ហោះមកកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយលោកប្រធាធិបតី ត្រាំ ជាមួយនឹងក្តីរំពឹងថា ខ្លួននឹងអាចទទួលបានមីស៊ីល Tomahawk ពីអាមេរិក ក្រោយលោក ត្រាំ បង្ហាញការខកចិត្តជាខ្លាំងលោកប្រធានាធិបតី ពូទីន បន្ទាប់ពីជំនួបនៅរដ្ឋអាឡាស់ស្កា។
សូមរម្លឹកថា មេដឹកនាំរុស្ស៊ី លោក ពូទីន បានបញ្ជាឱ្យកងទ័ពចូលលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ជាអ្វីដែលរុស្ស៊ីហៅថា ប្រតិបត្តិការយោធាពិសេស សំដៅទប់ស្កាត់អ៊ុយក្រែនចូលជាសមាជិកណាតូ។ គិតមកទល់ពេលនេះ រុស្ស៊ីបានកាន់កាប់មួយភាគ៥នៃទឹកដីរបស់ប្រទេសអ៊ុយក្រែនហើយ ដែលភាគច្រើនត្រូវបានបំផ្លិចបំផ្លាញដោយសារការប្រយុទ្ធគ្នា៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

