សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនបងប្អូនជនរួមជាតិ ពីកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជូនបងប្អូនជនរួមជាតិតាមរយៈបណ្ដាញសង្គមនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ថា «ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា៖
កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌ និងក្រមប្រតិបត្តិនានាដើម្បីបញ្ចៀសកុំឱ្យមានការបាញ់គ្នាឡើងវិញ។
កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណ្ឌ និងក្រមប្រតិបត្តិនានាសម្រាប់បង្កើត និងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេស និងប្រទេស។
ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។
ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា និងថៃ។
សរុបដោយខ្លី ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា ៖
១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ) ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។
២. រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ច និងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ» ៕
ដោយ ៖ វណ្ណលុក


