កូឡុំប៊ី ថា អាមេរិករំលោភអធិបតេយ្យភាព តាមរយៈការវាយប្រហារលើទូកនេសាទ
បូហ្គោតា ៖ ប្រទេស កូឡុំប៊ី បានចោទអាមេរិកថា បានរំលោភអធិបតេយ្យភាព តាមរយៈការវាយប្រហារលើទូកនេសាទ តែ លោក ដូណាល់ ត្រាំ បានអះអាងថា ជាសកម្មភាព បង្អាក់លំហូរ នៃថ្នាំញៀន ចេញពីអាមេរិកឡាទីន។
លោក Trump បានធ្វើយុទ្ធនាការយោធា មិនធ្លាប់មានពីមុនមក ដោយលោកនិយាយថា មានគោលបំណងបង្អាក់លំហូរ នៃថ្នាំញៀន ពីតំបន់អាមេរិកឡាទីន ទៅកាន់សហរដ្ឋអាមេរិក។
ទីក្រុង វ៉ាស៊ីនតោន បាននិយាយថា ប្រតិបត្តិការរបស់ខ្លួនបានដោះស្រាយ យ៉ាងមានប្រសិទ្ធភាព ចំពោះការជួញដូរគ្រឿងញៀន ប៉ុន្តែ អាមេរិក មិនបានផ្តល់ភស្តុតាងណាមួយ ដែលថា មនុស្សដែលត្រូវបានសម្លាប់នោះទេ ទាក់ទងនឹងគ្រឿងញៀនទេ ដែលមកទល់ពេលនេះ មានយ៉ាងតិច ២៧នាក់។
ប្រធានាធិបតី ប្រទេស កូឡុំប៊ី លោក Gustavo Petro បាននិយាយ នៅលើបណ្តាញសង្គម X ថា «មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រព្រឹត្តអំពើឃាតកម្ម និង រំលោភលើអធិបតេយ្យភាពរបស់យើង នៅក្នុងដែនទឹករបស់យើង។ អ្នកនេសាទ ឈ្មោះ Alejandro Carranza មិនមានទំនាក់ទំនងជាមួយអ្នកជួញដូរគ្រឿងញៀន ហើយ សកម្មភាពប្រចាំថ្ងៃរបស់គាត់ គឺ ការនេសាទ»។
លោក Carranza ត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅក្នុងការវាយប្រហារ កាលពីខែកញ្ញា ដោយកងកម្លាំងសហរដ្ឋអាមេរិក នៅលើទូក របស់លោក ខណៈពេលដែលលោកកំពុងនេសាទត្រី នៅតំបន់ Caribbean នេះបើយោងតាមវីដេអូសាក្សី នៃសមាជិកគ្រួសាររបស់លោក ដែលបានចែករំលែកដោយប្រធានាធិបតី នៅលើបណ្តាញសង្គម X ។
លោក Petro បាននិយាយ ដោយសំដៅទៅលើការវាយប្រហារ ដែលបានសម្លាប់ លោក Carranza ថា៖ «យើងរង់ចាំការពន្យល់ ពីរដ្ឋាភិបាលអាមេរិក»។
អ្នកជំនាញបាននិយាយថា ការសម្លាប់ ដោយគ្រាន់តែសង្ស័យ បែបនេះ គឺ ខុសច្បាប់ ទោះបីជាពួកគេត្រូវបានកំណត់គោលដៅ ជាអ្នកជួញដូរគ្រឿងញៀន ក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត