កងទ័ពកម្ពុជា សុំពន្យារពេលកិច្ចប្រជុំ RBC ដោយរង់ចាំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បញ្ចប់ជាមុនសិន

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជូនលិខិតឆ្លើយតបទៅកងទ័ពភូមិភាគទី១ និងកងទ័ពភូមិភាគទី២ ថៃ ក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលខាងមុខ ដោយទទួលយកសំណើរបស់ភាគីថៃ ប៉ុន្តែស្នើសុំពន្យារពេលដោយរង់ចាំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បញ្ចប់ជាមុនសិន។ នេះបើតាមការបញ្ជាក់ពីសំណាក់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ប្រភពដដែលនេះបានបញ្ជាក់បន្ថេមថាក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នឹងបន្តពិភាក្សាជាមួយភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយឈរលើមូលដ្ឋាន នៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដើម្បីធានាការសហការគ្នាជិតស្និទ្ធជាមួយភាគីថៃ ក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner