មជ្ឈមណ្ឌលផលិតភាពជាតិ ផ្សព្វផ្សាយដល់រោងចក្រ សហគ្រាសនៅទូទាំប្រទេស ចូលរួមអនុវត្តស្តង់ដាបរិស្ថានអន្តរជាតិ ISO 14001

(ភ្នំពេញ)៖ កម្ពុជា ដែលមានរោងចក្រ សហគ្រាសមួយចំនួន នៅមិនទាន់មានការយល់ដឹងច្រើនពីតួនាទីនៃថែរក្សាបរិស្ថាននៅឡើយ បានចាប់ផ្តើមជម្រុញឲ្យមានការចូលរួមអនុវត្តនូវស្តង់ដាបរិស្ថានអន្តរជាតិ ISO 14001 ឲ្យបានគ្រប់បណ្តារោចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ។ ISO 14001 គឺជាកម្រិតស្តង់ដាអន្តរជាតិ ដែលផ្តល់លក្ខខណ្ឌមួយសម្រាប់អង្គភាពគ្រប់គ្រង និងទទួលខុសត្រូវលើបរិស្ថាន ដោយគ្រប់គ្រងផលប៉ះពាល់បរិស្ថាននៅក្នុងអង្គភាព និងធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់នៃការអនុវត្តបរិស្ថាន ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សហគ្រាសមីក្រូធុនតូច និងមធ្យម ។

យោងតាមមន្ត្រីជំនាញអន្តរជាតិពីអង្គការផលិតភាពអាស៊ី APO បានឲ្យដឹងថា ការអនុវត្តស្តង់ដាបរិស្ថាន គឺមិនត្រឹមតែជាការគិតគូជួយដល់បរិស្ថានភពផែនដីទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាសំខាន់សម្រាប់សុខមាលភាពមនុស្សជាតិ ធ្វើឲ្យមានភាពល្អប្រសើរឡើងនៃសេដ្ឋកិច្ចជាតិ និងដើម្បីភាពចំណេញដោយចីរភាពសម្រាប់រយៈពេលវែង នៃក្រុមហ៊ុននីមួយៗផ្ទាល់ផងដែរ ។ ពិធីប្រកាសផ្សព្វផ្សាយ ជម្រុញឲ្យមានការអនុវត្តផលិតភាពបៃតងតាមរយៈប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងវិស័យកម្មន្តសាលនេះ បានរៀបចំដោយមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត ក្រោមការសហការឧបត្ថមគាំទ្រដោយអង្គការ APO កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ ។

ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការទទួលបន្ទុក ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីនោះ បានថ្លែងពីសារៈសំខាន់ និងផលចំណេញនៃការចូលរួមពីគ្រប់បណ្តារោងចក្រ សហគ្រាស ក្នុងការអនុវត្តនូវិធីសាស្រ្តបរិស្ថាននេះ ។

យោងតាមក្រសួងបរិស្ថាន ដែលតែងមានសេចក្តីរាយការណ៍ជារើយៗពីរោងចក្រ សហគ្រាសដែលមិនបានគោរពត្រឹមត្រូវតាមច្បាប់បរិស្ថាន ត្រូវមន្រ្តីជំនាញបានស្វែងរកឃើញ និងចាត់វិធានការច្បាប់ជាញឹកញយ ទៅលើការមិនមានបច្ចេកទេសត្រឹម ត្រូវដូចជា ការដុតកាកសំណល់ប្លាស្ទឹកបំពុល បរិស្ថាន និងប៉ះពាល់ដល់សុខភាពពលរដ្ឋ ការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រចូលក្នុងប្រភពទឹកដែលពលរដ្ឋប្រប្រាស់ និងការង្ហុយផ្សែងដោយមិនបំពាក់ប្រព័ន្ធការពារផ្សែងពុលនោះជាដើម ។

ការចាប់ផ្តើមប្រកាសផ្សព្វផ្សាយឲ្យក្រុមហ៊ុន សហគ្រាសទូទាំងប្រទេស ចូលរួមអនុវត្តនូវវស្តង់ដាអន្តរជាតិ ISO 14001នេះទៀត ក៏នៅបន្ទាប់ពីមជ្ឈមណ្ឌលផលិតភាពជាតិ បានដាក់ឲ្យក្រុមហ៊ុន ចំនួន៤ សាកល្បងអនុវត្ត ដោយទទួលលទ្ធផលជោគជ័យយ៉ាងត្រចៈត្រចង់ ។

លោក Hiroshi Tachikawa អ្នកជំនាញពីអង្គការ APO បានថ្លែងថា យើងបានរៀបចំកម្មវិធីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO:14001 សហការដោយមជ្ឈមណ្ឌលផលិតភាពជាតិ ដើម្បីជួយដល់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ។ ប្រព័ន្ធគ្រប់គ្រងបរិស្ថាននេះ គឺជាស្នូលនៃអាជីវកម្ម និងជាតម្លៃនៃសាជីវកម្មផងដែរ នៅក្នុងការប្រើប្រាស់ ដើម្បីបង្កើតវិធីរីកចម្រើនប្រកបដោយចីរភាពនៃដំណើរការអាជីវកម្ម ។ លោកមានក្តីសង្ឈឹមថា គម្រោងនេះ និងក្លាយជាការចាប់ផ្តើមដ៏ល្អបំផុត សម្រាប់ក្រុមហ៊ុនទាំងអស់នៅកម្ពុជា ដើម្បីចីរភាពនៅក្នុងអាជីវកម្ម និងការគ្រប់គ្រងបរិស្ថានក្នុងប្រទេសកម្ពុជា ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វ៉េង លឹមហួត

ads banner