ព្រះប្រធានថេរសភាព្រះពុទ្ធសាសនា ពិន សែម ផ្តល់ដំបូន្មានដ៏មានតម្លៃដល់សិស្សជាប់និទ្ទេស A ព្រះពុទ្ធសាសនា និង ការអប់រំ ជាគន្លឹះអភិវឌ្ឍន៍ប្រទេស

(សៀមរាប​)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអនុប្រធានប្រចាំការ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ព្រមជាមួយលោកជំទាវ និងក្រុមគ្រួសារ បាននាំយកទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តរាជបូណ៌ ខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A ចំនួន ២៦នាក់ មកពីសាលា ២ ក្នុងសង្កាត់សាលាកំរើក។

ក្នុងពិធីនោះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ បានផ្តល់ពុទ្ធឱវាទដ៏មានតម្លៃ ដល់សិស្សដែលទទួលជ័យលាភីក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សម្តេចបានលើកឡើងថា បន្ទាប់ពីប្រឡងជាប់ សិស្សគួរតែបន្តការសិក្សាឲ្យជ្រៅជាងមុន រហូតដល់កម្រិតបណ្ឌិត ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ឃើញយុវជនកម្ពុជា មានបញ្ញា និងសមត្ថភាពពេញលេញ។

សម្តេចក៏បានបញ្ជាក់ថា បញ្ញា គឺជាកញ្ចក់ឆ្លុះបញ្ចាំងអនាគតរបស់មនុស្ស និងជាគន្លឹះសម្រាប់ការកសាងសង្គមគ្រួសារ និងប្រទេសជាតិ។ ប្រជាពលរដ្ឋដែលមានចំណេះដឹង គឺជាផ្នែកសំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន។ ដូច្នេះ សិស្សទាំងអស់គួរតែខិតខំរៀនសូត្រយ៉ាងស្មោះត្រង់ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់កសាងប្រទេសឲ្យរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការអប់រំ និងការកសាងធនធានមនុស្ស ជាវិស័យអាទិភាព។ ឯកឧត្តមបានសរសើរចំពោះលទ្ធផលសិក្សារបស់សិស្សទាំង២៦នាក់ ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់សិស្ស គ្រូបង្រៀន និងការគាំទ្រពីមាតាបិតា។

ក្រៅពីនេះ ឯកឧត្តមក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការកសាងសមត្ថភាពស្ថាប័ន និងការធ្វើទំនើបកម្មបច្ចេកទេស ដើម្បីឆ្លើយតបនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤។ ឯកឧត្តមបានអំពាវនាវឲ្យសិស្សទាំងអស់ ខិតខំសិក្សា បណ្តុះសមត្ថភាព និងគោរពវិន័យសាលា ជៀសវាងពីគ្រឿងញៀន ព្រមទាំងគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់ពេលបើកបរ។

សម្រាប់ការលើកទឹកចិត្ត ឯកឧត្តម និងលោកជំទាវ ក៏បានប្រគល់ទឹកប្រាក់ជាអំណោយ ១០០ដុល្លារ ដល់សិស្សជាប់និទ្ទេស A ម្នាក់ៗ ដើម្បីជាការលើកទឹកចិត្តឲ្យខិតខំសិក្សាបន្ថែម ៕

ដោយ​ ៖ ប៊ុន​រដ្ឋា

ads banner