ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ផ្តួចផ្តើម បុណ្យកឋិនទានសាមគ្គី ទទួលបានបច្ច័យជាង ១២ម៉ឺនដុល្លារ សម្រាប់កសាងឧបដ្ឋានសាលា វត្តបទុមរតនៈដីដុះ ក្រុងកំពង់ចាម

(កំពង់ចាម​)៖ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា​ បាន​ផ្តួចផ្តើម​បុណ្យ​កឋិនទាន​សាមគ្គី​ ទទួល​បាន​បច្ច័យ​ ជាង១២ម៉ឺន​ដុល្លារ​ សម្រាប់​កសាង​ឧបដ្ឋានសាលា​វត្តបទុមរតនៈដីដុះ ក្រុងកំពង់ចាម ដែល​បាន​ធ្វេីឡេីង​នាព្រឹកថ្ងៃទី​១៩​ ខែតុលា​ ឆ្នាំ​២០២៥ ។ ​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ នេត សាវឿន​ និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត​ ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត​​​ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ និងពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ ដែល​បាន​ចូលរួម​ជា​បច្ច័យ​ ដើម្បីកសាងឧបដ្ឋានសាលា ក្នុងបរិវេណវត្តរតនៈដីដុះ​ តាម​រយៈ​ការ​ប្រារព្ធ​ពិធី​បុណ្យ​កឋិនទាន​សាមគ្គី នាឱកាសនេះ​ ។

ឯកឧត្ដមអភិបាលខេត្ត​ បានថ្លែងថា​ ចំពោះ​ការ​កសាង​ឧបដ្ឋានសាលា​ ដែល​ជា​សមិទ្ធផល​ដ៏​ធំ​ ហើយ​ល្អ​ស្អាត​នេះ​គឺ​ ដើម្បី​បម្រើ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​ផង​ ហើយ​ក៏​ជា​ការ​ចូលរួម​លើក​កម្ពស់​សោភណភាព​ក្នុង​​ទីក្រុង​ ឱ្យ​ប្រែក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ ដែល​អាច​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​​ ឱ្យ​ចូល​ទស្សនា​កម្សាន្ត​ទៀត​ផង​​ ខណៈពេលកន្លង​មក​មាន​ភ្ញៀវ​ទេសចរណ៍​​បរទេស​ចូល​មក​ខេត្ត​កំពង់ចាម​តាមផ្លូវទឹក ហើយ​ក៏​បាន​ចូល​មក​​ទស្សនា​វត្ត​បូរាណ​របស់​យើង​ នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ផងដែរ​ ។

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន ចាន់ដា បានថ្លែងថា​ ការប្រារព្ធពិធីបុណ្យផ្សេងៗ ជាពិសេស ការ​ដង្ហែ​អង្គកឋិនទាន ចូលវត្តរតនៈដីដុះ​នេះ​ ​ដែល​អាចប្រព្រឹត្តទៅបាន ក៏អាស្រ័យទៅដោយ​ ផ្ទៃក្នុងប្រទេសយេីង មានសុខសន្តិភាព ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន​ និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជម្រុញ​ឱ្យ​បងប្អូន ប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសពេញលេញ ក្នុងការបំពេញកុសលផលបុណ្យ ទៅតាមជំនឿ សាសនា ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដេីម្បីធ្វេីការអភិវឌ្ឍទាំង​ផ្នែកពុទ្ធចក្រ និងអាណាចក្រ ផងដែរ​ ៕

លី ពៅ

ads banner