ឯកឧត្តម ទៀ សីហា លើកទឹកចិត្តសិស្សខិតខំរៀនសូត្រ និងបញ្ឈប់ការរើសអើងជាតិសាសន៍

(សៀមរាប​)៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវឱ្យជនរួមជាតិកម្ពុជាទាំងអស់បញ្ឈប់ការរើសអើងជាតិសាសន៍ និងលើកកម្ពស់ការអប់រំ ដើម្បីបណ្តុះធនធានមនុស្សប្រកបដោយគុណភាព។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និងសិស្សប្រឡងជាប់និទ្ទេស A និង B នៅខេត្តសៀមរាប នៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានឱ្យដឹងថា នៅឆ្នាំសិក្សា ២០២៤-២០២៥ មានបេក្ខជនសរុប ១១,១៦២ នាក់ (ស្រី ៦,៥១៤ នាក់) បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងចំណោមនេះ សិស្ស ៩,៨១៧ នាក់ (ស្រី ៥,៨៩២ នាក់) បានប្រឡងជាប់ ដោយសិស្សទទួលបាននិទ្ទេស A ចំនួន ២៤៧ នាក់ (ស្រី ១៣៥ នាក់), និទ្ទេស B ចំនួន ៧៥៨ នាក់, និទ្ទេស C ចំនួន ២,៤៣៦ នាក់, និទ្ទេស D ចំនួន ៣,៧៩៨ នាក់ និងនិទ្ទេស E ចំនួន ១១,៣៣៩ នាក់។

ឯកឧត្តម ទៀ សីហា បានសម្តែងការអបអរសាទរចំពោះសិស្សប្រឡងជាប់និទ្ទេស A និង B និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់លោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យាបាល ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះនយោបាយ “ឈ្នះ ឈ្នះ” ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍអប់រំ។

លទ្ធផលនៃការប្រឡងជាប់នេះ គឺជាផលនៃការខិតខំរបស់សិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា ព្រមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តមក៏បានជំរុញឱ្យសិស្សបន្តខិតខំរៀនសូត្រ ដើម្បីត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងចូលរួមកសាងសមត្ថភាពស្ថាប័ន ពង្រឹងបច្ចេកវិទ្យា និងការពារឯករាជ្យជាតិ។

ឯកឧត្តម ក៏បានលើកឡើងពីស្ថានភាពអសន្តិសុខនៅតាមព្រំដែនកម្ពុជា-ថៃ និងស្នើឱ្យបញ្ឈប់ការរើសអើងជាតិសាសន៍ ដោយបានផ្តាំផ្ញើឱ្យសិស្សគោរពវិន័យសាលា ជៀសឱ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចែករំលែកបទពិសោធន៍សិក្សាដល់សិស្សជំនាន់ក្រោយ។

ឯកឧត្តម និងគណៈអធិបតី បានប្រគល់លិខិតថ្លែងអំណរគុណដល់សប្បុរសជន និងលោកគ្រូ អ្នកគ្រូ ព្រមទាំងផ្តល់រង្វាន់ជាសាច់ប្រាក់ ២ លានរៀល និងលិខិតសរសើរដល់សិស្សនិទ្ទេស A ម្នាក់ៗ និង ១ លានរៀល និងលិខិតសរសើរដល់សិស្សនិទ្ទេស B ម្នាក់ៗ ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner