ឆ្លើយតបបញ្ហាព្រំដែន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញអភិក្រមពីរ ដែលរាជរដ្ឋាភិបាលត្រូវធ្វើ
(កណ្ដាល)៖ ឆ្លើយតបជុំវិញបញ្ហាព្រំដែន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលស្ងាត់ តែមិនស្ងៀមនោះទេ គឺបានធ្វើការយ៉ាងសកម្ម ដើម្បីឈានទៅបញ្ចប់ជម្លោះ។ សម្ដេច ថ្លែងដូច្នេះ ដោយសារតែមានពលរដ្ឋមួយចំនួន បានលើកឡើងថា រដ្ឋាភិបាល ហាក់នៅស្ងៀមស្ងាត់ជុំវិញបញ្ហាព្រំដែន និងខ្លះហាក់បាត់ជំនឿ ចំពោះភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាល ខណៈដែលកងទ័ពថៃ បន្ដធ្វើសកម្មភាពឥតឈប់ឈរ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង២០០០លានដុល្លារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោយអាកាសយានដ្ឋាននេះ បានធ្វើប្រតិបត្តិការទទួលជើងហោះហើរបានជាង១ខែ ពោល គឺចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥មក ។
សម្ដេចធិបតី បានថ្លែងទាក់ទងនឹងបញ្ហាព្រំដែន និងអភិក្រមអ្វីខ្លះ ដែលកម្ពុជាយើងដោះស្រាយ? អភិក្រមរបស់យើង គឺមាន ២ ក្នុងពេលជាមួយគ្នា នោះគឺ ៖ អភិក្រមទី១ កន្លែងណាដែលមានបញ្ហា ដូចជាការប្រយុទ្ធគ្នា បាតុភាពនៅខេត្តបន្ទាយមានជ័យ ឬវីរយុទ្ធជនទាំង ១៨នាក់ ដោយយើងត្រូវធ្វើយ៉ាងណា ទប់កុំឱ្យរីករាលដាល និងរកវិធីកាត់បន្ថយផលប៉ះពាល់ ដល់ប្រជាពលរដ្ឋយើងឱ្យបានជាអតិបរមាឱ្យបានលឿនបំផុតនៅកន្លែងកើតហេតុ ។ អភិក្រមទី២ រកវិធីស្តារឡើងវិញនៅកន្លែងនោះ ពេលជាមួយគ្នានេះ គឺរកវិធីបញ្ចប់ជម្លោះឱ្យបានចប់ ។ នេះជាអភិក្រមដែលរាជរដ្ឋាភិបាលត្រូវធ្វើ ។
សម្ដេចធិបតី បន្តថា កម្ពុជា គ្មានគោលបំណងរំលោភទៅលើដែនអធិបតេយ្យភាព របស់ប្រទេសណាទេ ហើយក៏មិនឱ្យប្រទេសណា មករំលោភលើអធិបតេយ្យភាពរបស់កម្ពុជាដែរ។ ប៉ុន្ដែ បញ្ហាជម្លោះព្រំដែនកម្ពុជា ប្រកាន់ភ្ជាប់នូវយន្តការដោះស្រាយបញ្ហាដោយសន្ដិវិធី ផ្លូវច្បាប់ និងយន្តការអន្តរជាតិ ។
សម្ដេច បញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន អ្វីដែលយើងមើលឃើញ អាចវាស់បាន តែអ្វីដែលយើងមើលមិនឃើញមិនអាចវាស់បានទេ ។ បងប្អូនអាចរំលឹកទៅវិញ នៅថ្ងៃទី២៨ កក្កដា ពេលកម្ពុជា និងថៃ បានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី មនុស្សតិចណាស់ដែលជឿថា នឹងមានបទឈប់បាញ់នៅថ្ងៃនោះ ប៉ុន្ដែទីបំផុត យើងទទួលបានបទឈប់បាញ់មួយ ដូច្នេះ សូមបងប្អូនជឿជាក់លើយន្តការ ដោះស្រាយរបស់រាជរដ្ឋាភិបាល តាមរយៈយន្តការសន្ដិវិធី និងច្បាប់អន្តរជាតិ ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពី កិច្ចព្រមព្រៀងបទឈប់បាញ់ និងសន្តិភាពនាពេលខាងមុខ ដោយបញ្ជាក់ថា កម្ពុជា មិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀង បទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើឱ្យបាត់បង់ ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ ។
សម្ដេចធិបតី បញ្ជាក់ថា ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា និងថៃ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើអ្នកនយោបាយគ្រប់និន្នាការ និងពលរដ្ឋកុំដេញដោលសួររឿងសមរភូមិណាខ្លះដែលបាត់ និងចំនួនកងទ័ពពលី ប៉ុន្តែត្រូវជឿជាក់លើការលះបង់បូជាសាច់ស្រស់ ឈាមស្រស់របស់វីរកងទ័ពកម្ពុជា ក្នុងការ ការពារបូរណភាពទឹកដីរបស់កម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




