សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍សំខាន់ៗ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងប្រសិទ្ធភាព វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា

(កណ្ដាល)៖ ក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង២០០០លានដុល្លារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៥ចំណុច ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យមានគុណភាព ប្រសិទ្ធភាព វិបុលភាព វិស័យអាកាសចរណ៍ស៉ីវិលនៅកម្ពុជា ។

អនុសាសន៍សំខាន់ៗចំនួន ៥ចំណុចនោះរួមមាន៖

១៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជំរុញការតភ្ជាប់តាមផ្លូវអាកាសឱ្យសកម្មឡើងបន្ថែមទៀត ដោយផ្តោតលើជើងហោះហើរដែលត្រូវបានផ្អាកដោយសារវិបត្តិជំងឺកូវីដ-១៩ និង ជើងហោះហើរថ្មី, ជាពិសេស ជើងហោះហើរត្រង់មកកាន់កម្ពុជា ពីបណ្តាទីក្រុងទេសចរណ៍ផ្សេងៗ ។ ទន្ទឹមនេះ, ការផ្តល់សេវាពាក់ព័ន្ធនឹងការធ្វើដំណើរ និងវិស័យទេសចរណ៍ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ។

២៖ ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, ជំរុញការផ្សព្វផ្សាយអំពី សក្តានុពលទេសចរណ៍កម្ពុជា ដោយផ្តោតលើភាពងាយស្រួលក្នុងការធ្វើដំណើរ តាមរយៈការហោះហើរត្រង់, ការហោះហើរចម្រុះ និង ការហោះហើរច្រើនជម្រើស ។

៣៖ ក្រសួងមហាផ្ទៃ ដែលមានសមត្ថកិច្ចការពារសុខសុវត្ថិភាពរបស់អ្នកដំណើរ ត្រូវបន្តគិតគូ និង តាមដានជាប្រចាំនូវនិន្នាការសកលពាក់ព័ន្ធនឹងភេវរកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរនិងការរត់ពន្ធខុសច្បាប់ ជាដើម ដើម្បីធានាសុវត្ថិភាព, សន្តិសុខ និង សណ្តាប់ធ្នាប់ ជូនអ្នកដំណើរមកកាន់ប្រទេសកម្ពុជា ក៏ដូចជាបង្ការហានិភ័យជូនដល់ប្រជាពលរដ្ឋ។ ម៉្យាងទៀត,មន្ត្រីអន្តោប្រវេសន៍ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ នៅពេលបំពេញការងារ, ពីព្រោះមន្ត្រីអន្តោប្រវេសន៍ គឺជាចំណុចចាប់អារម្មណ៍ និង វាយតម្លៃមុនគេ ចំពោះទេសចរ ដែលបានមកកម្ពុជាយើង។

៤៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC, ជាពិសេស ក្រុមហ៊ុនខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក (Cambodia Airport Investment Co., Ltd.) ត្រូវបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹង សុវត្ថិភាព, សន្តិសុខ, សណ្តាប់ធ្នាប់ និង អនាម័យ នៅក្នុងនិង បរិវេណជុំវិញ អាកាសយានដ្ឋានអន្តរជាតិតេជោ, ជាពិសេស ត្រូវធានាឱ្យបាននូវសោភ័ណភាព ផាសុកភាព និង ភាពងាយស្រួលដល់អ្នកដំណើរ, ទាំងពេលចេញ និង ពេលចូលកម្ពុជា ។ ទន្ទឹមនេះ, ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិយើង គឺការផ្តល់សេវាប្រកបដោយស្នាមញញឹម និង ភាពរួសរាយរាក់ទាក់ ហើយក៏ត្រូវធ្វើការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និង ធ្វើការត្រួតពិនិត្យជាប្រចាំចំពោះហាងទំនិញ អាហារដ្ឋាន និង ហាងលក់ភេសជ្ជៈនានា ដើម្បីធានាឱ្យបាននូវការផ្តល់សេវាកម្ម ស្របតាមនិយាមបច្ចេកទេស និង ស្តង់ដាអនាម័យ ។

៥៖ ក្រសួងស្ថាប័នពាក់ព័ន្ធ, ជាពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះស៊ីហនុ និង ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ត្រូវចូលរួមផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅកម្ពុជា តាមរយៈ ការគូសរំលេចនូវការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិនិយោគ និង ធុរកិច្ច ដែលមានអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាសក្ខីភាព៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner