សម្តេចតេជោ ហ៊ុន សែន ណែនាំសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា ឈ្វេងយល់ស្ថានភាពពិតរបស់កម្ពុជា ពិសេស ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេស
(ភ្នំពេញ)៖ សម្តេចតេជោ បានមានប្រសាសន៍ពីស្ថានភាពនយោបាយដល់សកម្មជន របស់គណបក្សប្រជាជនកម្ពុជា បានឈ្វេងយល់ស្ថានភាពពិត របស់កម្ពុជា ជាពិសេស សម្រាប់សកម្មជននៅក្រៅប្រទេស បានដឹង និងបានឃើញ ពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក នៅវិមាន៧មករា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបក្រុមការងារគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសនាឱកាសនេះ។ សម្តេចតេជោបានមានប្រសាសន៍ចែករំលែកអំពីទិដ្ឋភាពទូទៅ ពីស្ថានភាពរបស់ ព្រះរាជាណាចក្រកម្ពុជាពីអតីតកាល ជាពិសេស ប្រវត្តិសាស្ត្រនៃពលិកម្មរបស់សម្តេច ក្នុងការតស៊ូរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ និងការដឹកនាំរបស់សម្តេច ពេលនៅជានាយករដ្ឋមន្ត្រី ។
សម្តេចតេជោប្រធានគណបក្ស ក៏បានបង្ហាញអំពីដំណើរការអភិវឌ្ឍ របស់ប្រទេសជាតិ នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំប្រទេសយ៉ាងស្វាហាប់ និងបន្តការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។
នាឱកាសនៃពិធីសំណេះសំណាលនេះដែរ សម្តេចតេជោ ក៏បានមានប្រសាសន៍ អំពីស្ថានភាពបញ្ហាព្រំដែន កម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលយើង កំពុងតែខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណា ឱ្យបានវិលទៅរកភាពប្រក្រតីឡើងវិញ ។
សម្តេចតេជោ ក៏បានមានប្រសាសន៍អំពីស្ថានភាពនយោបាយមួយចំនួនទៀត
ដល់សកម្មជនរបស់គណបក្សប្រជាជនកម្ពុជា បានឈ្វេងយល់ និងស្ថានភាពពិត របស់កម្ពុជា ជាពិសេសសម្រាប់បងប្អូនសកម្មជននៅក្រៅប្រទេស បានដឹង និងបានឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។
សម្តេចតេជោ ហ៊ុន សែន បានជូនពរឱ្យក្រុមការងារគណបក្សនៅក្រៅប្រទេស ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត ៕











អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ