លោក Trump ប្រាប់លោក Zelensky កាត់ឆ្វៀលដីតំបន់ Donbas ឱ្យរុស្ស៊ី ទើបអាចបញ្ចប់សង្គ្រាម

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់ឲ្យលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន កាត់ឆ្វៀលដី នៃតំបន់ Donbas ឲ្យទៅប្រទេសរុស្ស៊ី ទើបអាចបញ្ចប់សង្គ្រាមបាន។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The guardian នៅថ្ងៃទី២០ ខែតុលា នេះ
អំឡុងពេលជួបលោក Volodymyr Zelenskyy នៅសេតវិមាន លោក Donald Trump បានផ្តល់យោបល់ថា នេះគឺជាវិធីល្អបំផុត ខណៈដែលបច្ចុប្បន្ន ផ្នែកខ្លះនៃតំបន់ Donbas កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ស្រាប់។

លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យ ទី១៩ ខែតុលា ថា ការកាត់ផ្តាច់បែបនេះ គឺ ដើម្បីបើកផ្លូវចរចា ហើយ ភាគីទាំងសងខាង គួរតែបញ្ឈប់ការប្រយុទ្ធគ្នា និង បញ្ឈប់ការសម្លាប់មនុស្ស បន្តទៅទៀត។

លោក Trump បានអះអាងថា ជំនួបជាមួយលោក Zelenskyy គឺជាការចរចា គួរឱ្យចាប់អារម្មណ៍ និងស្និទ្ធស្នាលណាស់។ ប៉ុន្តែ នៅពីក្រោយឆាក លោក Trump បានរុញច្រាន លោក Zelenskyy ឱ្យលះបង់ទឹកដីជាច្រើន ទៅប្រទេសរុស្ស៊ី នេះបើយោងប្រភព ដែលបានដឹងអំពីការពិភាក្សានេះ។ ប្រភពបានពណ៌នា ជំនួបនោះថា មានភាពតានតឹង ដោយគណៈប្រតិភូអ៊ុយក្រែន បានចាកចេញ ទាំងការខកចិត្ត។ ក្នុងជំនួបនោះ លោក Trump ក៏បានបដិសេធ មិនផ្គត់ផ្គង់មីស៊ីល Tomahawk ឲ្យទៅអ៊ុយក្រែន ទៀតផង ដែលបង្ហាញពីបរាជ័យ នៃការបញ្ចុះបញ្ចូល រាប់សប្តាហ៍ ពីសំណាក់ លោក Zelenskyy។

ជុំវិញរឿងកាត់ឆ្វៀលដី លោក Zelenskyy បានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអាទិត្យ ថា «អ៊ុយក្រែននឹងមិនផ្តល់រង្វាន់ ដល់ភេរវករ សម្រាប់ឧក្រិដ្ឋកម្ម របស់ពួកគេទេ ហើយយើងពឹងផ្អែកលើដៃគូរបស់យើង ដើម្បីរក្សាជំហរនេះ»។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT លោក Trump បាននិយាយថា ៧៨% នៃតំបន់ Donbass ត្រូវបានកាន់កាប់ ដោយរុស្ស៊ី រួចហើយ នៅពេលនេះ។ លោក ពូទីន ធ្លាប់បាននិយាយថា ដើម្បីឲ្យបទឈប់បាញ់ ដំណើរការ លុះត្រាតែ កងកម្លាំងអ៊ុយក្រែន ត្រូវតែដកចេញពីតំបន់ Donbass ទាំងអស់។ លោកបានសង្កត់ធ្ងន់ថា ការទទួលស្គាល់ព្រំដែនថ្មី របស់រុស្ស៊ី គឺជាលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌ សម្រាប់សន្តិភាពយូរអង្វែង។

តាមប្រភពដដែល ក្នុងឆ្នាំ២០១៤ តំបន់ Donbass បានប្រកាសឯករាជ្យ ហើយបានបោះឆ្នោតបំបែកចេញពីអ៊ុយក្រែន បន្ទាប់ពីរដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិច នៅទីក្រុងគៀវ កាលពីដើមឆ្នាំនោះ។ កាលពីខែកញ្ញា ឆ្នាំ២០២២ តំបន់នេះបានធ្វើប្រជាមតិ ដើម្បីចូលរួម ជាមួយរុស្ស៊ី។ តែ អ៊ុយក្រែន និងប្រទេសភាគច្រើនផ្សេងទៀត បានបដិសេធ មិនទទួលស្គាល់ព្រំដែនថ្មី របស់រុស្ស៊ី បែបនេះទេ៕

ប្រភពពី The guardian , RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner