អាមេរិក-អូស្ត្រាលីចុះកិច្ចព្រមព្រៀងរ៉ែកម្រ ខណៈលោកត្រាំសន្យាផ្គត់ផ្គង់នាវាមុជទឹក
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងអូស្ត្រាលីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរ៉ែកម្រ ខណៈដែលលោក ដូណាល់ ត្រាំ បានសន្យាពីការផ្គត់ផ្គង់នាវាមុជទឹកវាយប្រហារ។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីរ៉ែកម្រ ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ហើយបាននិយាយថា សម្ព័ន្ធមិត្តដ៏សំខាន់ របស់ទីក្រុងវ៉ាស៊ីនតោនមួយនេះ នឹងទទួលបាននាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ជាអ្វីដែលអូស្ត្រាលីចង់បាន។
អំឡុងពេលជួបប្រជុំគ្នា នៅសេតវិមាន លោក Albanese បាននិយាយថា កិច្ចព្រមព្រៀងរ៉ែកម្រនឹងនាំទៅដល់ ការវិនិយោគ ៨.៥ពាន់លានដុល្លារ នៅក្នុងគម្រោងរ៉ែសំខាន់ៗ នៅក្នុងប្រទេសអូស្ត្រាលី និង ធ្វើឱ្យទំនាក់ទំនងទៅកាន់ “កម្រិតបន្ទាប់” ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីបានសរសើររ៉ែសំខាន់ៗរបស់ប្រទេស ដែលមានសារៈសំខាន់ សម្រាប់ផលិតផលបច្ចេកវិទ្យា។ ប្រទេសនេះ ត្រូវបានគេដឹងថា មានរ៉ែលីចូម, cobalt និងម៉ង់ហ្គាណែស ក៏ដូចជា លោហៈធាតុកម្រ ដែលប្រើក្នុងបច្ចេកវិទ្យា រាប់ចាប់ពីឧបករណ៍អេឡិចត្រូនិក រហូតដល់ផ្នែករឹង ទាំងវិស័យការពារជាតិ, រថយន្តអគ្គិសនី និង ទួរប៊ីនខ្យល់។
រដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា ខ្លួន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងវិនិយោគច្រើនជាង ១ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែខាងមុខ ខណៈដែលសេតវិមានបានដាក់តួលេខនេះថា មានចំនួន ដល់ទៅ ៣ពាន់លានដុល្លារ រវាងប្រទេសទាំងពីរ។
លោក Anthony Albanese ក៏បានជំរុញឱ្យមានវឌ្ឍនភាព លើកិច្ចព្រមព្រៀងនាវាមុជទឹក AUKUS ឆ្នាំ ២០២១ ដែលជាប់គាំង រវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ជុំវិញរឿងនេះ លោក Trump បានប្រាប់អ្នកយកព័ត៌មាន ថា «នាវាមុជទឹក ដែលយើងកំពុងចាប់ផ្តើមសាងសង់ សម្រាប់ប្រទេសអូស្ត្រាលី គឺ ពិតជាកំពុងដំណើរការធ្វើ»។
កិច្ចព្រមព្រៀង AUKUS អាចនឹងធ្វើឱ្យអូស្ត្រាលី ចំណាយរហូតដល់ ២៣៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ ដែលនេះ ក៏រួមបញ្ចូលផងដែរ នូវបច្ចេកវិទ្យា ក្នុងការសាងសង់នាវាផ្ទាល់ខ្លួន នាពេលអនាគតទៀតផង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
