លោក Zelensky ចង់ទៅហុងគ្រី ជួប Trump-Putin
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា លោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបមុខលោក ពូទីន និងលោក ត្រាំ ផ្ទាល់នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី បើសិនលោកត្រូវបានអញ្ជើញឱ្យចូលរួមជំនួបកំពូលរវាងប្រធានាធិបតីទាំងពីរ។
លោកប្រធានាធិបតី ត្រាំ និងពូទីន បាននិយាយថា ពួកលោកបានយល់ស្របនឹងជួបគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសហុងគ្រីនាពេលឆាប់ៗនេះ ខណៈដែលមេដឹកនាំអាមេរិកបន្តព្យាយាមដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់ភ្លើងសង្គ្រាមឆាបឆេះជាង៣ឆ្នាំកន្លះកន្លងមកនេះ បង្កឡើងពីការលកុលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែនកាលពីឆ្នាំ ២០២២។
ក្រៅពីប្រកាសចង់ជួបមេដឹកនាំអាមេរិក-រុស្ស៊ី លោកប្រធានាធិបតី ហ្សេលេនស្គី ក៏បានប្រកាសដែរថា អ៊ុយក្រែនបាននិងកំពុងត្រៀមខ្លួនបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ចំនួន ២៥គ្រឿងពីអាមេរិក។ លោកថា ប្រព័ន្ធ Patriot នឹងជួយពង្រឹងសមត្ថភាពខ្លួនរបស់អ៊ុយក្រែនកាន់តែរឹងមាំ ប្រឆាំងនឹងការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសនេះទៀតសោត នឹងបញ្ជូនជាបន្តបន្ទាប់មកកាន់អ៊ុយក្រែនរៀងរាល់ឆ្នាំ ហើយអ៊ុយក្រែនក៏រំពឹងដែរថា សម្ព័ន្ធមិត្តអឺរ៉ុបនឹងផ្គត់ផ្គង់វាថែមទៀតដល់ទីក្រុងកៀវ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា