ស្ត្រីជាមាតា ចំនួន ៣៦គ្រួសារក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទទួលបានសារអប់រំសុខភាព និង អំណោយកាកបាទក្រហមកម្ពុជា
(កោះកុង)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនស្ត្រីជាមាតា ( ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីទើបសម្រាលកូន ចំនួន ៣៦គ្រួសារ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។
លោកជំទាវ ឈឺ វ៉ា ក្នុងនាមប្រធានគណ:កម្មាធិការសាខាថ្មីអាណតិ្តទី៦នេះ សូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាលនិងសង្ឃឹមថានឹងនៅតែជួយគាំទ្រដល់សកម្មភាពសាខាខេត្តកោះកុងបន្តទៀត ។
លោកជំទាវ ពុំ ចន្ទីនី បាននាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក ការអាណិតស្រលាញ់ និងការគិតគូរពីជីវភាព សុខភាពរបស់ស្ត្រីជាមាតាគ្រប់ៗរូប ។
លោកជំទាវអគ្គលេខាធិការ ក៏បានផ្តាំផ្ញើ ចំពោះស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់របស់ក្រុមគ្រូពេទ្យគឺយ៉ាងតិចណាស់ឲ្យបាន៤ដងមុនពេលសម្រាល ហើយពេលសម្រាលត្រូវទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានគ្រូពេទ្យមានវិជ្ជាជីវ:ត្រឹមត្រូវ ដើម្បីសុខភាពល្អ និងសុវត្ថិភាពទាំងម្តាយនិងកូនក្នុងផ្ទៃ ជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូនពិសេសជំងឺអេដស៍ ។
លោកជំទាវ ពុំ ចន្ទីនី និងសការី បានសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្រាលការលំបាកដល់ខ្នងផ្ទះជូនជនងាយរងគ្រោះបំផុត និងស្ត្រីទើបសម្រាលកូន សរុបចំនួន ១៥គ្រួសារ រួមមាន ចាស់ជរាគ្មានទីពឹង ៨នាក់ ពលរដ្ឋទីទ័លក្រលំបាក ៣គ្រួសារ ជនពិការ ១នាក់ និងស្ត្រីទើបសម្រាលកូន ៣គ្រួសារ ក្នុងនោះសង្កាត់ស្ទឹងវែង ១០ខ្នងផ្ទះ និងសង្កាត់ដងទង់ ៥ខ្នងផ្ទះ នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងនាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះមេគណគណ:ធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះចៅអធិការវត្តទេពនិមិត្តហៅវត្តថ្មី ដើម្បីទ្រទ្រង់ចង្ហាន់គង់នៅសិក្សាព្រះធម៌វិន័យ ១១៨អង្គ ក្នុងនោះនេនតូចៗជាង ៧០អង្គ ៕







ដោយ / គ្រី សម្បត្តិ